(បរទេស)៖ ខ្សែភាពយន្តបែបកំប្លែងចំណងជើងថា «Hidden Strike» ចូលរួមសម្តែងរួមគ្នាដោយតារាល្បីពីររូប គឺ Jackie Chan (ឈិន ឡុង) និង John Cena ទីបំផុតបានបញ្ចេញ Trailer ហើយ បន្ទាប់ពីពន្យារពេលអស់រយៈពេល៥ឆ្នាំ ដោយសារភាពចម្រូងចម្រាស់មួយចំនួន។

រឿង «Hidden Strike» បានបញ្ចប់ការថតនៅឆ្នាំ២០១៨ ប៉ុន្តែមិនត្រូវបានចេញផ្សាយទេ មានបញ្ហាផ្ទៃក្នុងមួយចំនួន ក្នុងនោះក៏មានបញ្ហា COVID-19 ហើយបន្ទាប់ពីរោងកុននៅក្នុងប្រទេសចិនបានចាប់ផ្តើមបើកដំណើរការឡើងវិញ តម្រូវការសម្រាប់ភាពយន្តដែលនិយាយភាសាចិនក្នុងស្រុកក៏មានការកើនឡើង។ បន្ថែមពីលើការផ្លាស់ប្តូរតម្រូវការទីផ្សារ ក្នុងអំឡុងពេលផ្សព្វផ្សាយភាពយន្ត F9 កាលពីឆ្នាំ ២០២១ John Cena បាននិយាយថា តៃវ៉ាន់ជាប្រទេសឯករាជ្យពីចិនដោយចៃដន្យ ធ្វើឱ្យមានបញ្ហាចម្រូងចម្រាសជាច្រើន ដែលនាំឱ្យភាពយន្ត «Hidden Strike» កាន់តែត្រូវពន្យារពេលបន្ថែមទៀត។

ត្បិតថាពេលនេះ បានបញ្ចេញវីដេអូខ្លីក្តី តែនៅមិនទាន់កំណត់ពេលចាក់បញ្ចាំងតាមរោងភាពយន្តនៅឡើយទេ ខណៈមានប្រភពខ្លះលើកឡើងថាភាពយន្តនេះអាចនឹងចេញបញ្ចាំងតាមសេវាកម្ម Streaming អនឡាញជាដើម។ នៅឈុតខ្លីៗពី Trailer ដំបូងនេះ បានបង្ហាញទស្សនិកជននូវភាពស្វាហាប់រវាងតួអង្គចិត្តក្ដៅដែលសម្តែងដោយ John Cena និងតួអង្គចិត្តត្រជាក់សម្ដែងដោយ ឈិន ឡុង ខណៈតួអង្គសំខាន់ទាំងពីរនាក់គឺ John Cena និង Jackie Chan ត្រូវតែរកវិធីដើម្បីបញ្ឈប់សង្គ្រាមប្រេងកាតនៅលើពិភពលោក៕