(ភ្នំពេញ)៖ ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការផ្តល់កម្លាំងចិត្ត និងស្នាមញញឹមដល់កុមារកំព្រា នាឱកាសទិវាកុមារអន្តរជាតិ PPCBank​ ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បាននាំយកថវិកាចំនួន ៥,០០០ដុល្លារ ទៅប្រគល់ជូនមណ្ឌលមែកឈើ ដែលមានទីតាំងនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងនោះធនាគារក៏មានចែកជូនសម្ភារៈសិក្សាមួយចំនួនដល់កុមារកំព្រាជាង ១០០នាក់ នៅក្នុងមណ្ឌលផងដែរ។

ចំនួនទឹកប្រាក់នេះ បានមកពីកម្មវិធីរៃអង្គាសរបស់ធនាគារ PPCBank ដែលបានដំណើរការពីថ្ងៃទី៣ ដល់ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២៣ ដោយធនាគារបានបរិច្ចាគទឹកប្រាក់បន្ថែម ១០០% លើទឹកប្រាក់ដែលទទួលបានពីសប្បុរសជន និងការចូលរួមបរិច្ចាគមួយចំណែកទៀតពីហាង Socials Coffee។

តាមរយៈទឹកចិត្តសប្បុរសធម៌របស់អតិថិជន ថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារ PPCBank និងសាធារណជនទូទៅ នឹងជួយគាំទ្រដល់មណ្ឌលមែកឈើឲ្យបន្តនូវកិច្ចប្រតិបត្តិការរបស់ខ្លួនបានយូរអង្វែង ជាពិសេស រួមចំណែកផ្គត់ផ្គង់កុមារដែលខ្វះខាត ឲ្យទទួលបានលទ្ធភាពរៀនសូត្រ និងការយកចិត្តទុកដាក់ដូចក្មេងៗ ដទៃទៀត។

លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank បានឲ្យដឹងថា «យើងពិតជាមានក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានផ្តល់ស្នាមញញឹម និងភាពកក់ក្តៅដល់ក្មួយៗទាំងអស់ នាឱកាសអបអរទិវាកុមារអន្តរជាតិ»

លោកបន្តថា «កុមារកំព្រា និងកុមាររងគ្រោះដោយអំពើហិង្សាជាច្រើនរូប កំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា។ដូច្នេះការចូលរួមបរិច្ចាគរបស់សប្បុរសជន ទោះតិចក្តី ឬច្រើនក្តីជូនមណ្ឌលមែកឈើ ពិតជាមានសារសំខាន់ ក្នុងការជំរុញឲ្យកុមារទទួលបានការរស់នៅក្នុងភាពល្អប្រសើរ និងមានលទ្ធភាពបន្តការរៀនសូត្រខ្ពង់ខ្ពស់ ប្រាសចាកពីភាពអវិជ្ជា និងក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេស ជាតិនាពេលអនាគត»

លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ​ បានថ្លែងអំណរគុណដល់ធនាគារ PPCBank សម្រាប់ការនាំយកជំនួយសប្បុរសធម៌ជាថវិកា និងអំណោយសម្ភារៈសិក្សាចាំបាច់ផ្សេងៗមកចែកជូនក្មេងកំព្រា ដែលកំពុងទទួលការចិញ្ចឹម និងបណ្តុះបណ្តាលនៅក្នុងមណ្ឌលនេះ។

លោកបានឲ្យដឹងថា «ជំនួយរបស់សប្បុរសជន គឺពិតជាបានរួមចំណែកដល់ការបំពេញតម្រូវការខ្វះខាតរបស់យើង កាន់តែល្អប្រសើរ នៅក្នុងមណ្ឌលទាំងមូល ហើយជាពិសេសអាចជួយសម្រួលឲ្យក្មេងៗនៅទីនេះ មានលទ្ធភាពរៀនសូត្របន្តទៅមុខទៀត»

សូមបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលធនាគារ PPCBank រៀបចំកម្មវិធីរៃអង្គាសជួយប្រជាពលរដ្ឋដែលជួបប្រទះការលំបាក។ កន្លងមកធនាគារបានបង្កើតយុទ្ធនាការរៃអង្គាសពីសប្បុរសជន ដើម្បីជួយបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងកម្មវិធី បរិច្ចាគជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ធំ៕