(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ វិទ្យាល័យបាក់ទូក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងដើម្បីបង្កើតគំនិតផ្តួចផ្តើមលើផលប្រយោជន៍រួម និងផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា។

ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន GC Life ក៏បានឧបត្ថម្ភនូវបង្គោលភ្លើង និងឈុតអំពូលភ្លើងសូឡាជូនដល់វិទ្យាល័យបាក់ទូកដើម្បីជួយបំភ្លឺបរិវេណសាលានៅពេលយប់ផងដែរ ដែលក្នុងនោះ ក្រុមហ៊ុនបានឧបត្ថម្ភឈុតអំពូលភ្លើងសូឡាចំនួន ២០ឈុត រួមជាមួយបង្គោលស៊ីម៉ងត៍ចំនួន ៥ដើម និងបង្គោលដែក ចំនួន ១០ដើម ដែលត្រូវបានតម្លើងនៅតាមរបងសាលា និងក្នុងបរិវេណសាលា។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមពីគណៈគ្រប់គ្រងរបស់វិទ្យាល័យបាក់ទូក  និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន GC Life។ នៅក្នុងសុន្ទរកថាស្វាគមន៍ លោក Tee Kuan Cheong នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life បានមានប្រសាសន៍ថា «៊ក្រុមហ៊ុន GC Life ពិតជាមានកិត្តិយសដែលមានឱកាសរួមចំណែកដើម្បីជួយដល់សាលា ក៏ដូចជាសង្គមតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ហើយវាមានអត្ថន័យខ្លាំងណាស់ ដោយសារអំពូលសូឡា បានផ្តល់ពន្លឺដែលត្រូវការជាចាំបាច់នៅក្នុងតំបន់មួយចំនួនដែលងងឹតក្នុងបរិវេនសាលារៀននៅពេលយប់។

ក្នុងសុន្ទរកថាស្វាគមន៍ លោក តូច កន្តាល់ នាយកសាលានៃវិទ្យាល័យបាក់ទូក ក៏បានមានប្រសាសន៍ផងដែរថា លោកពិតជាមានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន GC Life បានឧបត្ថម្ភបង្គោលភ្លើង និងឈុតអំពូលភ្លើងសូឡាជូនដល់សាលាដើម្បីជួយបំភ្លឺបរិវេណសាលានៅពេលយប់ និងបង្កើតភាពងាយស្រួលដល់សិស្សានុសិស្សអង្គុយស្វ័យសិក្សានៅពេលល្ងាច ក៏ដូចជាអាចអង្គុយកំសាន្តនៅក្នុងសាលាបន្ទាប់ពីម៉ោងសិក្សាផងដែរ។

លោកបានមានប្រសាសន៍បន្ថែមទៀតថា បង្គោលស៊ីម៉ងត៍ដែលក្រុមហ៊ុន GC Life បានឧបត្ថម្ភទាំងនេះបានជួយផ្តល់ភាពងាយស្រួលបន្ថែមដល់សាលាក្នុងការប្រើប្រាស់បង្គោលទាំងនេះមករត់ខ្សែរភ្លើងនៅក្នុងបរិវេនសាលាជំនួសឲ្យការដាក់ខ្សែភ្លើងនៅតាមដើមឈើដែលអាចបង្ករជាគ្រោះថ្នាក់ដល់សិស្សានុសិស្សក្នុងករណីបាក់ដើមឈើដោយសារមេឃភ្លៀងជាដើម។

បន្ទាប់ពីសុន្ទរកថាស្វាគមន៍ លោក Tee Kuan Cheong តំណាងក្រុមហ៊ុន GC Life និង លោក តូច កន្តាល់ តំណាងវិទ្យាល័យបាក់ទូក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងប្រកាសដំណើរការកិច្ចសហការរវាងវិទ្យាល័យបាក់ទូក និងក្រុមហ៊ុន GC Life៕