(ប៉ារីស)៖ លោក Christophe Galtier អ្នកចាត់ការទូទៅក្លិប Paris Saint-Germain បានបញ្ជាក់ថា ខ្សែប្រយុទ្ធពាក់លេខ៣៣ Lionel Messi នឹងចាកចេញពីក្លិប នៅក្រោយពេលបិទរដូវកាលនេះដ៏ពេញលេញ។

លោកថា Messi នឹងលេង ១ប្រកួតចុងក្រោយនារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍ក្នុងពាន Ligue 1 នៅពេល PSG ជួបគូប្រជែង Clermont ដូចទៅនឹងគេហទំព័រកីឡា BBC ធ្លាប់បានចេញផ្សាយម្តងហើយកាលពីខែឧសភា ឆ្នាំ២០២៣ ថា កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ នឹងចាកចេញពីក្លិបបារាំង នៅក្រោយពេលចប់កិច្ចសន្យា ២រដូវកាលលេងនៅ Parc des Princes។

តារាជើងស៊ុតដែលបានផ្ទេរចេញពីក្លិបអេស្ប៉ាញ FC Barcelona ដោយគ្មានតម្លៃខ្លួននាខែកក្កដា ឆ្នាំ២០២១ នោះ បានរួមចំណែកជួយ PSG ឈ្នះពាន Ligue 1 បាន ២រដូវកាលជាប់ៗគ្នាតែម្តង ស្របពេលដែលក្រុមជើងខ្លាំងមួយនេះ បានធ្លាក់ត្រឹមវគ្គ ១៦ក្រុមនៃ ២រដូវកាលចុងក្រោយនេះក្នុងពានអឺរ៉ុប UEFA Champions League។

លោក Galtier បានថ្លែងក្នុងសន្និសីទមុនជំនួបទល់នឹង Clermont ថា «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដោយបានបង្វឹកកីឡាករល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ ចុងសប្តាហ៍នេះជា ១ប្រកួតចុងក្រោយនៅ Parc des Princes សម្រាប់ Messi ហើយខ្ញុំក៏សង្ឃឹមថា នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដែរ»

យ៉ាងណាមិញ អ្នកសរសេរព័ត៌មានកីឡាដ៏ល្បីប្រចាំអេស្ប៉ាញលោក Guillem Balague ក៏បានរាយការណ៍ដែរថា ប្រធានក្រុមអាហ្សង់ទីន ដែលទើបឈ្នះពាន World Cup 2022 នៅប្រទេសកាតានោះ នឹងធ្វើការសម្រេចចិត្តឆាប់ៗ នេះពីអនាគតរបស់លោក ក៏ប៉ុន្តែនឹងមិនត្រឡប់ទៅកាន់ Barcelona វិញទេ ជាទីដែលលោកធ្លាប់ចំណាយពេល ២១ឆ្នាំនៅទីនោះ៕