(ភ្នំពេញ)៖ អង្គការមូលនិធិ ឌីភីប៊ី (DPB Foundation) និងក្រុមហ៊ុនហ្សេងហេងគ្រុប បានពាំនាំក្តីស្រឡាញ់ដល់កុមារនៃមណ្ឌលមែកឈើកម្ពុជា ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៣។

ក្នុងសកម្មភាពសប្បុរសធម៌នេះ អង្គការមូលនិធិ ឌីភីប៊ី និងក្រុមហ៊ុនហ្សេងហេងគ្រុប បានរួមគ្នារៀបចំអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំរួមមាន៖ ម្សៅទឹកដោះគោ ទឹកដោះគោ អង្ករ សាប៊ូបោកគក់ សាប៊ូកក់សក់ សាប៊ូងូតទឹកទារក សាប៊ូដុសខ្លួន។ល។ ដើម្បីធានាថាកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងតម្រូវការប្រចាំថ្ងៃគ្រប់គ្រាន់។

មូលនិធិ DPB គឺជាមូលនិធិសប្បុរសធម៌មួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០២២ ដោយលោកឧកញ៉ា តឹង ភីពីង ដែលមានខ្សែស្រឡាយជាជនជាតិកម្ពុជា-ចិន ដោយមានគោលបំណងជួយដល់ក្រុមដែលងាយរងគ្រោះ និងជួបការលំបាកក្នុងប្រទេសកម្ពុជា។ ពួកគេបានយកចិត្តទុកដាក់ និងជួយដល់ក្រុមអ្នកជួបការលំបាកក្នុងសង្គមកម្ពុជាតាំងពីយូរយារណាស់មកហើយ ព្រមទាំងជួយលើកកម្ពស់ជីវភាព និងការសិក្សារបស់ពួកគេ តាមរយៈការរៃអង្គាសថវិកា។ ក្នុងនាមជាក្រុមហ៊ុនពហុឧស្សាហកម្មដ៏ល្បីនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនហ្សេងហេងគ្រុប តែងតែដើរតួនាទីយ៉ាងសកម្មទៅលើទំនួលខុសត្រូវក្នុងសង្គម។

តាមរយៈអ្នកតំណាងអង្គការមូលនិធិ ឌីភីប៊ី បានឱ្យដឹងថា ក្រៅពីការរៀបចំនិងផ្តល់សម្ភារៈសម្រាប់ប្រើប្រាស់ដល់កុមារនៅក្នុងមណ្ឌលកុមារកំព្រា ពួកយើងក៏នឹងផ្តល់ការប្រឹក្សាផ្លូវចិត្ត និងការគាំទ្រផ្នែកអប់រំដល់ពួកគេផងដែរ។ អង្គការមូលនិធិ ឌីភីប៊ី បានធ្វើការថែទាំយ៉ាងយកចិត្តទុកដាក់និង ពេញលេញ ដើម្បីជួយដល់កុមារមានសុទិដ្ឋិនិយមក្នុងការរស់នៅ បង្កើនទំនុកចិត្តលើខ្លួនឯង និងគោរពស្រលាញ់ខ្លួនឯង។ អង្គការមូលនិធិ ឌីភីប៊ី ពេញចិត្តយ៉ាងខ្លាំងក្នុងការចូលរួមសកម្មភាពសប្បុរសធម៌ដែលមានអត្ថន័យកាន់តែច្រើន ហើយសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអាចជំរុញដល់ការយកចិត្តទុកដាក់ និងផ្តល់ក្តីសង្ឃឹមដល់កុមារនៅក្នុងមណ្ឌលកុមារកំព្រា និងធ្វើឱ្យពួកគេមានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ពីសង្គម។

បច្ចុប្បន្នប្រតិបត្តិការនៃមណ្ឌលកុមារកំព្រានៅទូទាំងប្រទេសកម្ពុជា កំពុងជួបការលំបាក និងបញ្ហាប្រឈមជាច្រើន។ កុមារទាំងនេះ បានបាត់បង់ក្តីស្រឡាញ់ និងការគាំទ្រពីគ្រួសារ សាច់ញាតិ ហើយជីវភាពរស់នៅរបស់ពួកគេមានការលំបាកខ្លាំង។ សកម្មភាពសប្បុរសធម៌របស់អង្គការមូលនិធិ ឌីភីប៊ី និងក្រុមហ៊ុនហ្សេងហេងគ្រុប បាននាំឱ្យពួកគេមានភាពជឿជាក់ និងក្តីសង្ឃឹម ហើយព្រមទាំងបានធ្វើឱ្យពួកគេទទួលបានអារម្មណ៍ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងពេញលេញ និងឱ្យតម្លៃពីគ្រប់មជ្ឈដ្ឋាន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់អង្គការមូលនិធិ ឌីភីប៊ី បានមមាញឹកក្នុងការត្រៀមរៀបចំការងារ និងសម្ភារៈផ្សេងៗក្នុងសកម្មភាពសប្បុរសធម៌នេះ។ ពួកគេបានជ្រើសរើស និងរៀបចំអាហារូបត្ថម្ភ និងសម្ភារៈប្រើប្រាស់ទាំងនេះដោយយកចិត្តទុកដាក់ ដើម្បីធានាថាកុមារទទួលបានអាហារគ្រប់គ្រាន់ និងការការពារសុខភាព។

អ្នកនាង Wendy Cheng តំណាងក្រុមហ៊ុនហ្សេងហេងគ្រុប បានថ្លែងថា តាមរយៈសកម្មភាពសប្បុរសធម៌នេះ ពួកគាត់សង្ឃឹមថា មជ្ឈដ្ឋាននានានឹងយកចិត្តទុកដាក់ចំពោះកុមារនៅក្នុងមណ្ឌលកុមារកំព្រា និងជំរុញឱ្យមនុស្សកាន់តែច្រើនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពយកចិត្តទុកដាក់ និងថែទាំក្រុមដែលងាយរងគ្រោះដោយសារកុមារគ្រប់រូបគួរតែមានឱកាស និងសិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំ និងជីវិតល្អប្រសើរ។

ការរៀបចំសកម្មភាពសប្បុរសធម៌នេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលក្នុងតំបន់ផងដែរ។ មន្ត្រីមួយចំនួនបានលើកឡើងថា ការចូលរួមរបស់អង្គការសង្គមស៊ីវិល និងសហគ្រាសមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ក្រុមដែលងាយរងគ្រោះក្នុងសង្គម។ ពួកគេលើកទឹកចិត្តដល់អង្គការ និងសហគ្រាសកាន់តែច្រើន ឱ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចការសប្បុរសធម៌ដែលយកចិត្តទុកដាក់ និងជួយដល់ជនងាយរងគ្រោះ ហើយរួមគ្នារួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយសុខដុមរមនា និងវឌ្ឍនភាព។

នៅថ្ងៃទី១ ខែមិថុនា តំណាងអង្គការមូលនិធិ ឌីភីប៊ី និងក្រុមហ៊ុនហ្សេងហេងគ្រុប ព្រមទាំងក្រុមការងារបានធ្វើដំណើរទៅមណ្ឌលកុមារកំព្រា ដើម្បីជួប និងប្រាស្រ័យទាក់ទងជាមួយកុមារៗនៅទីនោះ និងបានផ្តល់ជាអាហារូបត្ថម្ភ និងសម្ភារៈប្រើប្រាស់ដល់កុមារនៅទីនោះផងដែរហើយពួកគេបានចំណាយពេលវេលាដ៏កក់ក្តៅ និងមិនអាចបំភ្លេចបានជាមួយគ្នា។ បរិយាកាសទាំងមូលនៃកម្មវិធីមានភាពកក់ក្តៅ និងសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងកម្មវិធីកម្សាន្ត ការលេងល្បែងសប្បាយៗ និងការសម្តែងផ្សេងៗ ហើយកុមារៗមានភាពសប្បាយរីករាយនឹងពេលវេលានោះយ៉ាងខ្លាំង។

លោក ផន ផល្លា ប្រធានអង្គការមណ្ឌលកុមារកំព្រា មែកឈើ បានថ្លែងថា៖ «អត្ថន័យនៃសកម្មភាពសប្បុរសធម៌នេះ គឺលើសពីការបរិច្ចាគសម្ភារៈទាំងនេះទៅទៀត។ សកម្មភាពសប្បុរសធម៌បានជំរុញការយកចិត្តទុកដាក់ និងការអាណិតស្រឡាញ់ចំពោះកុមារនៅក្នុងមណ្ឌលកុមារកំព្រា។ លើសពីនេះទៀត សកម្មភាពសប្បុរសធម៌របស់អង្គការមូលនិធិ ឌីភីប៊ី និងក្រុមហ៊ុនហ្សេងហេងគ្រុប បានធ្វើឱ្យកុមារទាំងនោះទទួលបានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងសង្គម គឺសង្គមនឹងនៅជាមួយពួកគេជានិច្ច ពួកគេមិនមែននៅតែឯកឯងទេ»

ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ បានបន្ថែមទៀតថា៖ «ខ្ញុំធំឡើងក្រោមការមើលថែទាំរបស់មណ្ឌលមែកឈើ មជ្ឈមណ្ឌលនេះគឺជាផ្ទះរបស់ខ្ញុំ ដូច្នេះ ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំក្នុងកិច្ចការងារនេះ ដើម្បីបំពេញបេសកកម្មរបស់មណ្ឌលមែកឈើ ក្នុងការថែទាំ និងជួយកុមារដែលខ្វះខាតកាន់តែច្រើនបន្ថែមទៀត»

លោក ផន ផល្លា បានប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនបរិច្ចាគ និងបានថតរូបជាមួយអ្នកតំណាង ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ពេលវេលាដ៏មានអត្ថន័យនេះ។

សកម្មភាពសប្បុរសធម៌នេះបានក្លាយជាគំរូមួយសម្រាប់សង្គមកម្ពុជាលើការយកចិត្តទុកដាក់ចំពោះក្រុមដែលងាយរងគ្រោះ ហើយបានជំរុញឱ្យអង្គការ និងបុគ្គលកាន់តែច្រើនចូលរួមក្នុងសកម្មភាពនេះ។ ដូច្នេះ ហើយមានតែការខិតខំប្រឹងប្រែងរួមគ្នា និងការលះបង់ពីមជ្ឈដ្ឋានសង្គម ទើបអាចបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់កុមារទាំងនោះបាន។

អង្គការមូលនិធិ ឌីភីប៊ី បានផ្តល់សេចក្តីស្រឡាញ់តាមរយៈការផ្តល់ជាអាហារូបត្ថម្ភ និងសម្ភារៈប្រើប្រាស់ដល់កុមារនៅក្នុងមណ្ឌលកុមារកំព្រា។ វាបង្ហាញពីកម្លាំងនៃស្មារតីមនុស្សធម៌ ក៏ដូចជាទំនួលខុសត្រូវខ្ពស់ក្នុងសង្គមរបស់ក្រុមហ៊ុន។ សកម្មភាពដ៏គួរឱ្យរំភើបរីករាយនេះនឹងបន្តជះឥទ្ធិពលនៅក្នុងសង្គម ដោយជំរុញឱ្យមនុស្សកាន់តែច្រើនយកចិត្តទុកដាក់ចំពោះក្រុមដែលងាយរងគ្រោះ និងផ្តល់ការគាំពារ និងជំនួយដល់ពួកគេ។

យើងក៏សង្ឃឹមផងដែរថា តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះនឹងមានមនុស្សកាន់តែច្រើនពីគ្រប់មជ្ឈដ្ឋានយកចិត្តទុកដាក់ និងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ ចំពោះក្រុមដែលងាយរងគ្រោះ ដែលនឹងធ្វើឱ្យកុមារកាន់តែច្រើនទទួលបានថាមពលនៃសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ហើយរួមគ្នាបង្កើតភាពកក់ក្តៅ និងធ្វើឱ្យពិភពលោកកាន់តែស្រស់បំព្រង៕