(ភ្នំពេញ)៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតដំបូង ដែលជាបានដាក់បញ្ចូលវិញ្ញាសាកីឡាអេឡិចត្រូនិក (Esports) ចូលទៅក្នុងវិញ្ញាសាកីឡាប្រកួត នៃកម្មវិធីការប្រកួតកីឡាជនពិការធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ វិញ្ញាសាប្រកួតនេះនឹងមានការចូលរួមពី៤ប្រទេស ដែលមានដូចជា កម្ពុជា, ម៉ាឡេស៊ី ,ហ្វីលីពីន និង ថៃ។ ការប្រកួតនេះនឹងធ្វើឲ្យពួកគេអាចបង្ហាញជំនាញ សមត្ថភាពរបស់ពួកគេក្នុងវិស័យ ឌីជីថលនេះ ដោយគ្មានឧបសគ្គ។

ការប្រកួតកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang (MLBB) ក្នុងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នឹងត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនធីមធូ (Team Two) រួមជាមួយគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC)។ ការប្រកួតនឹងធ្វើឡើងនៅសាល NABA ក្នុងសណ្ឋាគារ NagaWorrld2 រយៈពេល២ថ្ងៃ គឺថ្ងៃទី០៤មិថុនា ក្នុងវគ្គចែកពូល (Group Stage) និងនៅថ្ងៃទី០៥មិថុនា ក្នុងវគ្គជម្រុះ (Playoffs)។ សំបុត្រចូលរួមទស្សនានឹងចាប់ផ្ដើមចែកជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១មិថុនា រហូតដល់ថ្ងៃទី០៣ មិថុនា២០២៣នេះ នៅរោងភាពយន្តលេជេនទាំង៣សាខា រួមមាន លេជេនអេដេន លេជេនមានជ័យ និងលេជេន ទួលគោក។

គិតមកដល់ថ្ងៃទី០១ មិថុនានេះ អត្តពលិកប៉ារ៉ា តំណាងប្រទេសថៃ និងប្រទេសម៉ាឡេស៊ីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារួចរាល់ហើយ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតនាពេលខាងមុខនេះ។ ដោយឡែកអត្តពលិកប្រទេសហ្វីលីពីន នឹងមកដល់ដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី០១មិថុនា ឆ្លងចូល០២មិថុនាខាងមុខនេះ ដើម្បីចូលរួមប្រកួតប្រជែងផងដែរ។

ការដាក់បញ្ចូលកីឡា Esports នៅក្នុងអាស៊ានប៉ារ៉ាហ្គេម គឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់ ការបើកបង្ហាញ ពីកីឡាអេឡិចត្រូនិក ដោយមិនមានការរារាំង គ្មានការកំណត់ពី ជាតិសាសន៍ សាសនា ឬ ពិការភាពនោះទេ។

ការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា នៃការដាក់បញ្ចូលកីឡា Esports ក្នុងអាស៊ានប៉ារ៉ាហ្គេម ដ៏អស្ចារ្យនេះ គឺប្រៀបដូចជាការបើកផ្លូវមួយសម្រាប់អត្តពលិក ប៉ារ៉ាឈានចូលទៅក្នុងវិស័យឌីជីថល ដោយឲ្យពួកគេអាចបង្ហាញពីទេពកោសល្យ និងការប្រកួតប្រជែងរបស់ខ្លួន នៅលើឆាកអន្តរជាតិបាន។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជា ជាអ្នកផ្ដួចផ្ដើមនេះ នឹងត្រូវបានគេលើកនិយាយឡើងគ្រប់ពេល ដែលអាស៊ានប៉ារ៉ាហ្គេមបានប្រារព្ធធ្វើឡើង៕