(ភ្នំពេញ)៖ លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ស្ថិតក្រោមអង្គភាពរបស់ខ្លួន ពិសេសកីឡាករជឺជីតស៊ូ ត្រូវបន្ដការខំប្រឹង ដើម្បីការពារមេដាយមាស និងដណ្ដើមមេដាយបន្ថែម ក្នុងការប្រកួតកីឡាស៊ីហ្គេមក្រោយៗទៀត។

ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមជាកិត្តិយស ក្នុងពិធីឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កីឡាករ គង់ម៉ូណា មិថុរ៉ា ម្ចាស់មេដាយមាស ២ និងប្រាក់ ១ និងកីឡាករ ទូច ពីកក្កដា ម្ចាស់មេដាយមាស នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្មីៗ ពីក្រុមហ៊ុនឡារីតា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ។ គង់មូណា មិថុរ៉ា ទទួលបាន ២លាន ៥សែនរៀល និង ទូច ពីកក្កដា ទទួលបាន ២លានរៀល។

ថ្នាក់ដឹកនាំកីឡា នៃអង្គភាពក្រសួងមហាផ្ទៃខាងលើ បានបញ្ជាក់ថា ទន្ទឹមជាមួយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ក៏ដូចជាការឧបត្ថម្ភលើកទឹកចិត្តពីវិស័យឯក កីឡាករជឺជីតស៊ូកម្ពុជា ត្រូវបន្ដខំហ្វឹកហាត់ និងព្យាយាមពង្រឹងសមត្ថភាព ដើម្បីការពារមេដាយមាសកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ ។ ដូច្នេះមានតែការហ្វឹកហាត់ និងព្យាយាមប៉ុណ្ណោះ ទើបធ្វើឲ្យកីឡាករ-កីឡាការិនី មានសមត្ថភាពទៅដណ្ដើមមេដាយលើឆាកអន្ដរជាតិ។

ជាមួយគ្នាដែរ កីឡាករ គង់ម៉ូណា មិថុរ៉ា បានថ្លែងអំណរគុណថ្នាក់ដឹកនាំអង្គភាពកីឡាក្រសួងមហាផ្ទៃ ក៏ដូចជាលោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធ ដែលតែងគិតគូរ និងយកចិត្តទុកដាក់ ចំពោះកីឡាករ-កីឡាការិនី។ បន្ថែមលើនេះ រូបគេបានតាំងចិត្តនឹងបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅប្រកួតប្រជែងលើឆាកអន្ដរជាតិ ពិសេសគឺការពារមេដាយមាសស៊ីហ្គេមតែម្ដង៕