(បរទេស)៖ ថ្មីៗនេះទទួលបានរបាយការណ៍មកថា ក្រុមហ៊ុនកូរ៉េខាងត្បូង LG Display នៅឆ្នាំនេះនឹងឈ្នះការផ្គត់ផ្គង់បន្ទះអេក្រង់ម៉ូដែល LTPO OLED សម្រាប់ iPhone 15Pro និង 15 Pro Max ពីក្រុមហ៊ុន Samsung បន្ទាប់ពីបានខកចិត្តអស់មួយឆ្នាំទៅលើការផ្គង់ផ្គង់ iPhone 14 Pro។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពពីកាសែតកូរ៉េ The Elec បានរាយការណ៍មកថា នៅឆ្នាំនេះក្រុមហ៊ុន LG សម្រុកផលិតតែបន្ទះអេក្រង់ LTPO OLED ដែលខាង Apple កំពុងមានតម្រូវការខ្លាំងសម្រាប់ iPhone 15 Pro និង iPhone 15 Pro Max តែប៉ុណ្ណោះ។ ខណៈ LG ធ្លាប់បានខកចិត្តម្តងរួចទៅហើយកាលពីជំនាន់ iPhone 14 Pro ដែលជាការកត់សម្គាល់ LG បានទទួលរងនូវអត្រាទិន្នផល LTPO OLED ទាបកាលពីឆ្នាំមុន ដែលទាបជាងកាលកំណត់របស់ Apple ដើម្បីក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់។

ជាលទ្ធផលឆ្នាំមុនបានអនុញ្ញាតឱ្យ Samsung ចូលខ្លួនមកទទួលយកការបញ្ជាទិញបន្ទះអេក្រង់ពី Apple ជំនួស LG ដែលមានប្រហែល ៧០ភាគរយឯណោះ ហើយស្ថិតក្នុងតម្លៃខ្ពស់ថែមទៀតផង។ តាមរយៈរបាយការណ៍ថ្មីនេះហាក់ធ្វើឱ្យ Samsung ខកចិត្តបន្តិច ដែលធ្លាប់ជាក្រុមហ៊ុនផ្គត់ផ្គង់ធំត្រូវប្តូរទៅជំនួសដោយ LG ជំនួសវិញ។

គួរជម្រាបដែរថា ក្រុមហ៊ុនកូរ៉េខាងត្បូង LG និង Samsung មិនមែនជាក្រុមហ៊ុនគូប្រជែងនោះទេ ដោយថ្មីៗនេះក្រុមហ៊ុនទាំងពីរទើបតែបានចុះកិច្ចព្រមព្រៀងទិញ-លក់រួមគ្នា ខណៈ LG នឹងទទួលបន្ទុកផ្គត់ផ្គង់បន្ទះ OLED សម្រាប់ទូរទស្សន៍ OLED ៧៧ និង ៨៣ អ៊ីញរបស់ក្រុមហ៊ុន Samsung ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ ៕