(ភ្នំពេញ)៖ ក្រុមបាល់បោះជិះរទេះជនពិការផ្នែកនារីកម្ពុជា បានយកឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផល ១៤-០ពិន្ទុ ក្នុងប្រកួតទី២ របស់ខ្លួន នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមការពារមេដាយមាសកម្ពុជា មានសង្ឃឹមក្នុងការប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដ្បិតក្រុមម្ចាស់ផ្ទះកម្ពុជា នៅសល់ការប្រកួតក្នុងដៃ ១ប្រកួតទៀត ដោយត្រូវជួបក្រុមបាល់បោះជិះរទេះ ឡាវ នៅល្ងាចថ្ងៃដដែលនេះ ដើម្បីកាត់សេចក្ដី។ កាលពីប្រកួតទី១ ក្រុមនារីជនពិការផ្នែកនារីកម្ពុជា បានចាញ់ក្រុមនារីថៃ ១០-៧ពិន្ទុ កាលពីព្រឹកមិញនេះ៕