(ភ្នំពេញ)៖ ក្រុមបាល់បោះជិះរទេះជនពិការផ្នែកបុរសកម្ពុជា បានយកឈ្នះក្រុមឥណ្ឌូនេស៊ី ដោយលទ្ធផល ១០-៩ពិន្ទុ ក្នុងជំនួបបញ្ចប់វគ្គសន្សំពិន្ទុ លើវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី០២ ខែមិថុនានេះ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។

ជ័យជម្នះលើកដំបូង បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ឈរចំណាត់ថ្នាក់លេខ៤ ដែលមានឱកាសប្រកួតដណ្ដើមមេដាយសំរឹទ្ធ ។ នេះបើយោងតាមរូបមន្ដប្រកួតរបស់គណៈកម្មការ ដែលកំណត់ថា ក្រោយចប់ការប្រកួតសន្សំពិន្ទុ ក្រុមឈរលេខ១ និងលេខ២ ត្រូវជួបគ្នាដណ្ដើមមេដាយមាស ខណៈក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នាដណ្ដើមមេដាយសំរឹទ្ធ ៕