(ភ្នំពេញ)៖ ក្រុមបាល់បោះជិះរទេះជនពិការនារីជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រហើយ ក្រោយយកឈ្នះក្រុមបាល់បោះជិះរទេះឡាវ ដោយលទ្ធផល ១៦-១ពិន្ទុ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុ លើវិញ្ញាសា (៣នាក់ ទល់ ៣នាក់) នៅល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមការពារមេដាយមាស កម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមថៃ នាព្រឹកថ្ងៃទី០៣ ខែមិថុនាស្អែក ដើម្បីដណ្ដើមមេដាយមាស ។ ក្រុមទាំងពីរនេះ បានជួបគ្នាក្នុងវគ្គសន្សំពិន្ទុម្ដងហើយ កាលពីព្រឹកមិញ ដោយថៃ ឈ្នះកម្ពុជា ១០-៧ពិន្ទុ៕