(ក្រុងឡុងដ៍)៖ ជំនួបរវាងក្រុមស្ថិតក្នុងទីក្រុង Manchester ជាមួយគ្នា គឺបិសាចក្រហម United និងមេឃខៀវ City នៃវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup 2023 នឹងធ្វើឡើងនាម៉ោង ៩យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី០៣ ខែមិថុនានេះ។

ជំនួប Derby រវាងក្រុមខ្លាំងប៉ះខ្លាំងខាងលើនេះដែរ នឹងធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London តែម្តង ដែលជាពានទី២ សម្រាប់ City ដែលត្រូវប្រជែងនារដូវកាលនេះ ក្នុងនាមក្រុមមកពីលីគកំពូល Premier League ដូចគ្នា។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា អ្នកគាំទ្រសរុបប្រមាណជិត ៩ម៉ឺននាក់ត្រូវបានគេរំពឹងថា នឹងទិញសំបុត្រចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានជាតិអង់គ្លេស Wembley នៅរសៀលម៉ោង ៣៖០០នាទី (ម៉ោងនៅអង់គ្លេស) ស្របពេលក្រុមរបស់លោក Pep Guardiola ដែលបានឈ្នះពាន Premier League រដូវកាលនេះរួចរាល់ហើយនោះ បានព្យាយាមរកការពាន៣ ក្នុងរដូវកាលឆ្នាំ២០២២-២០២៣ មុនពេលប៉ះ Inter Milan ដណ្តើមពានធំ UEFA Champions League នាថ្ងៃទី១០ ខែមិថុនានៅប្រទេសតួកគី។

ចំណែកឯ United ដែលបានយកឈ្នះ City ក្នុងលទ្ធផល ២ទល់នឹង១ នៃជំនួបចុងក្រោយនារដូវកាលនេះ បានកំពុងស្វែងការឈ្នះពានទី២ ក្រោយពេលពួកគេគ្រងតំណែងជើងឯកពាន Carabao Cup 2023 កាលពីខែកុម្ភៈកន្លងទៅ។

យ៉ាងណាក៏ដោយ ក្រោយបញ្ចប់ការប្រកួតរវាងក្រុមទាំងពីរខាងលើ គឺវានៅសល់រយៈពេល ៧០ថ្ងៃគត់ នៃដំណើរឆ្ពោះទៅចាប់ផ្តើម Premier League រដូវកាលថ្មីឆ្នាំ២០២៣-២០២៤ ដែលនឹងចាប់ផ្តើមពីថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣៕