(បរទេស)៖ ទីបំផុត Samsung បញ្ជាក់ពីទីកន្លែងរៀបចំព្រឹត្តិការណ៍ Galaxy Unpacked ដើម្បីដាក់បង្ហាញត្រូកូលស្មាតហ្វូនជំនាន់ថ្មី Galaxy Z Fold 5 និង Galaxy Z Flip 5 ជាផ្លូវការហើយដែលនឹងប្រារព្ឋឡើងនៅទីក្រុងស៊េអ៊ូ កូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងពីលោក Lee Young-hee ដែលជាប្រធានមជ្ឈមណ្ឌលទីផ្សារសកលរបស់ Samsung DX។ លោក Lee Young-hee បាននិយាយថា ព្រឹត្តិការណ៍ Galaxy Unpacked នឹងប្រារព្ឋឡើងនៅទីក្រុងស៊េអ៊ូល ប្រទេសកូរ៉េខាងត្បូងដែលជាទឹកដីកំណើតរបស់ Samsung។

យ៉ាងណាមិញលោក Lee Young-hee មិនបានបង្ហាញពីកាលបរិច្ឆេទ ឬទីកន្លែងនៃព្រឹត្តិការណ៍ Galaxy Unpacked លម្អិតនោះទេ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមអះអាងថា នឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២៦ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ COEX ស្រុក Gangnam-Gu ទីក្រុងសេអ៊ូល។

គួរជម្រាបដែរថា Samsung ត្រូវបានគេរំពឹងថានឹងបង្ហាញស្មាតហ្វូនដែលអាចបត់បាន Galaxy Z Fold5 និង Galaxy Z Flip5 នៅក្នុងព្រឹត្តិការណ៍ Unpacked នេះ រួមជាមួយនឹងស៊េរី Galaxy Watch6 ។ លើសពីនេះទៅទៀត Samsung ក៏ទំនងជាបង្ហាញកាស MR របស់ខ្លួននៅក្នុងព្រឹត្តិការណ៍នោះផងដែរ៕