(ភ្នំពេញ)៖ ថ្មីៗនេះមានកម្មវិធីជប់លៀងភ្លក់រសជាតិស្រាថ្មី និងអស្ចារ្យនៃប្រភេទស្រាដែលផលិតដោយក្រុមហ៊ុន AUSWAN Wine Group នៅសណ្ឋាគារ Sun and Moon ជាផ្លូវការនៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោក Li Wei ប្រធានក្រុមហ៊ុនផលិតស្រា Auswan Creek , លោក Geoff Raby ជាអតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសចិន, លោក Andreas Zurbrugg បេសកជនពិសេសប្រចាំទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, លោក ជា សៀង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា, លោក Zhang Ling Feng ប្រធានប្រតិបត្តិរបស់ Golden Fortune Group, លោក Zhang Qing Wei ប្រធានក្រុមហ៊ុន Tinh tinh Shop ,លោក ថេន សំវិសុទ្ឋ អគ្គនាយកប្រៃសណីយ៍កម្ពុជា និង លោក លឹម សម្បត្តិ ប្រធានការិយាល័យគយនិងរដ្ឋាករ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

ស្ថិតក្នុងរាត្រីដ៏សោមនស្សនោះដែរ លោក Li Wei បានរៀនរាប់ថាក្រុមហ៊ុន Auswan Creek ជាក្រុមហ៊ុនផលិតស្រាអូស្ត្រាលីដែលជាប់ចំណាត់ថ្នាក់ល្អ ក្នុងចំណោមប្រភេទស្រាក្រហមកំពូលៗទាំង១០ នៅប្រទេសអូស្ត្រាលី និងបានជាប់ចំណាត់ថ្នាក់កំពូលទាំង៣ដែលបាននាំចេញទៅកាន់ទីផ្សារចិន និងជាការនាំចេញកម្រិតខ្ពស់ទាំង៥ទៅកាន់ទីផ្សារសិង្ហបុរីផងដែរ។ លើសពីនេះ Auswan Creek គឺស្ថិតនៅក្នុងផលិតផលល្អបំផុតទាំង៣ របស់ប្រទេសអូស្ត្រាលីសម្រាប់តំបន់មានដូចជាជ្រលង Barossa ជ្រលង McLaren និងRiverland ដែលក្នុងមួយឆ្នាំៗអាចផលិតស្រាបាន៤០០០កុងតឺន័រ ចំណែកអ្នកផលិតស្រាគឺជាអ្នកផលិតស្រាដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសអូស្ត្រាលីហើយធ្លាប់បានឈ្នះពានរង្វាន់ជាអ្នកផលិតស្រាល្អជាងគេនៅប្រទេសអូស្ត្រាលីចំនួន២លើកដែរ។

លើសពីនេះស្រាក្រហមរបស់ក្រុមហ៊ុន Auswan Creek ត្រូវបានទទួលស្គាល់ និងពេញនិយមយ៉ាងខ្លាំងពីអតិថិជនគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ដែលនាំមកនូវការស្វាគមន៍នៃការចាប់ផ្តើមដ៏ប្រពៃបំផុត ដោយទទួលបានការបញ្ជាទិញដោយផ្ទាល់ពីក្នុងកម្មវិធីនាយប់នោះកើនរហូតដល់ទៅ៥ម៉ឺនដុល្លារអាម៉េរិក។

មិនតែប៉ុណ្ណោះលោក Li Wei បានសង្កត់ធ្ងន់ថា «Tinhtinh Shop គឺជាដៃគូដ៏សំខាន់របស់ Auswan Creek ហើយនឹងផ្តល់ឲ្យប្រទេសកម្ពុជានូវស្រាក្រហមដ៏សម្បូបែបនៃ Auswan Creek របស់អូស្រ្តាលីដែលមានគុណភាពខ្ពស់ និងអាចអោយប្រជាជនមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា បានភ្លក់រសជាតិស្រាដ៏អស្ចារ្យរបស់អូស្ត្រាលី»។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន tinhhinh shop គឺជាវេទិកាទិញ និងលក់ស្រាដែលមានគុណភាពខ្ពស់ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនបានពង្រីកបណ្តាញនៅតាមផ្សារទំនើប និងភោជនីយដ្ឋានជាង៣៨៨ទីតាំង ដើម្បីបង្កើននូវភាពងាយស្រួល ទៅកាន់អតិថិជនក្នុងការជាវនូវផលិតផលទាំង Online និង Offline។

ប្រទេសចិនមានពាក្យមួយឃ្លាថា «ស្រាល្អគឺជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងការទូត»! ហើយលោក Li Wei បន្ថែមថាអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការផលិតផលស្រាប្រភេទនេះ ត្រូវបានមន្ត្រីការទូតអូស្រ្តាលីធ្លាប់យកធ្វើជាកាដូរអនុស្សាវរីយ៍ ដើម្បីធ្វើការជូនដល់បណ្តាថ្នាក់ដឹកនាំ ក៏ដូចជាឥស្សរៈជននៅបណ្តាប្រទេសផ្សេងៗដែរ។ សម្រាប់ស្រាប្រភេទនេះ ក៏បានឈ្នះនូវពានរង្វាន់ មេដាយមាសក្នុងការប្រកួតនូវស្រាទំពាំងបាយជូរអន្តរជាតិជាង៣០ផងដែរ។ ក្រុមហ៊ុនស្រា Auswan Creek គឺជាក្រុមហ៊ុនស្រាទំពាំងបាយជូរឈានមុខគេមួយ នៅក្នុងប្រវត្តិសាស្ត្រនៃការផលិតស្រា ទំពាំងបាយជូរអូស្រា្តលី មានចម្ការទំពាំងបាយជូរចំណាស់ជាងគេនៅលើពិភពលោកហើយមានចម្ការទំពាំងបាយជូរឯកជនដែលធំជាងគេនៅប្រទេសអូស្ត្រាលីភាគខាងត្បូង។
អ្វីដែលកាន់តែពិសេសក្រុមហ៊ុន ក៏មានសង្វាក់ផលិតផ្គត់ផ្គង់នូវផលិតផលសុទ្ធនិងដំណើរការគ្រប់គ្រងផលិតកម្មយ៉ាងហ្មត់ចត់តាមស្តង់ដារផងដែរ ដូចជាផលិតផលស្រាក្រហម Diplomat ត្រូវបានធ្វើការជ្រើសរើសនូវដើមទំពាំងបាយជូរ Shiraz និងមានលេខកូដសម្គាល់នៅលើដបនីមួយៗផងដែរ។

ក្នុងឱកាសនោះដែរ បេសកជនពិសេសអូស្ត្រាលីបានបានជ្រើសរើសយកស្រាស៊ីរ៉ា៥០ឆ្នាំរបស់ក្រុមហ៊ុន Auswan Creek មកណែនាំដោយបញ្ជាក់ពីភាពពិសេសរបស់ស្រាគឺមានដបនីមួយៗ មានកំណត់និងលេខរៀងៗខ្លួនដោយវាត្រូវបានគេជ្រើសយកពីវល្លិចាស់ SHIRAមានអាយុលើសពី៥០ឆ្នាំ បិតក្នុងធុងស្រាបារាំង និងអាមេរិករយៈពេល៨ខែ ក្លិនក្រអូបនៃផ្លែព្រូន ផ្លែ currantក្រហមនិងផ្លែNectarine លាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងរសជាតិដ៏សម្បូរបែបនៃcherryខ្មៅនិងសូកូឡា នាំមកនូវបទពិសោធន៍រសជាតិប្លែកដោយបន្សល់ទុកនូវក្លិនក្រអូបជាប់ក្នុងមាត់ មិនអាចបំភ្លេចបាន។

សូមបញ្ជាក់ថា ផលិតផលស្រាទំពាំងបាយជូរលំដាប់អភិជនល្បីៗរបស់ Swan Wine Group ដែលកំពុងវាយលុកក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះក៏រួមមានស្រាក្រហមប្រភេទ Auswan Creek Centenarian Barossa Valley ឆ្នាំ1908 ដែលមានប្រវត្តិអាយុកាលផលិតជាង២០០ឆ្នាំនៅតែបន្តរហូតដល់បច្ចុប្បន្ន,ចំណែកស្រាប្រភេទផ្សេងៗទៀតដូចជា៖ Auswan Creek Minister Selection Langhorne Creek 50 years SHIRAZ, Auswan Creek Auswan Creek AMBASSADOR reserve 70years Shiraz Cabernet, Auswan Creek DIPLOMAT Coonawarra 80 years Ambassador Cabernet Sauvignon និង Auswan Creek Diplomat South Australia 30 years Merlot ជាដើម៕