(មីឡាន)៖ ខ្សែប្រយុទ្ធ Rafael Leao បានចុះហត្ថលេខា លើកិច្ចសន្យារយៈពេល៥ឆ្នាំ ដើម្បីបន្តលេងនៅក្លិប AC Milan រហូតដល់រដូវក្តៅ ឆ្នាំ២០២៨។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិព័រទុយហ្គាល់ វ័យ២៣ឆ្នាំ ដែលមានព័ត៌មានថា គ្រោងនឹងផ្លាស់ទៅលេងនៅក្លិប Chelsea រូបនេះ មានកិច្ចសន្យាចាស់ នៅឯក្លិប AC Milan គ្រោងនឹងផុតកំណត់ នៅឆ្នាំ២០២៤។

Leao បានចូលរួមជាមួយក្លិប AC Milan ដោយផ្លាស់មកពីក្លិប Lille ក្នុងឆ្នាំ២០១៩ និងរកបានគ្រាប់បាល់៤១គ្រាប់ ក្នុងការបង្ហាញខ្លួន ១៨២ប្រកួត សម្រាប់ក្លិប AC Milan ដែលជាម្ចាស់ពានរង្វាន់ European ចំនួន៧លើកនេះ។

លោកត្រូវបានជ្រើសតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំ នៃលីគ Serie A កាលពីរដូវកាលមុន បន្ទាប់ពីបានជួយ AC Milan ឈ្នះពានរង្វាន់ Scudetto ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០១១។

Leao ក៏ជាផ្នែកមួយ នៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលបានឈានដល់វគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ 2022 World Cup នៅកាតា៕