(ភ្នំពេញ)៖ ជាគោលការណ៍ ការធ្វើបណ្តឹងអាជ្ញាត្រូវ អនុវត្តក្នុងនាមផលប្រយោជន៍ទូទៅ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ធានាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាជន ហើយស្ថាប័នដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា គឺមានតែស្ថាប័នអយ្យការទេ ។ ជាមួយគ្នានេះ ស្ថាប័នអយ្យការក៏មានសិទ្ធិក្នុងការតម្កល់រឿងទុកឥតចាត់ការផងដែរ ប្រសិនបើតំណាងអយ្យការពិនិត្យឃើញថាមានមូលហេតុត្រឹមត្រូវតាមច្បាប់ ។

តើមូលហេតុអ្វីខ្លះដែលតំណាងអយ្យការអាចតម្កល់រឿងទុកឥតចាត់ការ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «មូលហេតុនៃការតម្កល់រឿងទុកឥតចាត់ការ» ដើម្បីមកធ្វើការបង្ហាញជូន សាធារណជន សិស្ស និងនិសិ្សត ដូចខាងក្រោម។

ការតម្កល់រឿងទុកឥតចាត់ការ គឺជានីតិវិធីមួយនៃការចោទប្រកាន់ ដែលកើតចេញពីគោលការណ៍ការចោទប្រកាន់តាមបែបកាលានុវត្តភាព ដែលនីតិវិធីនេះបានអនុញ្ញាតឱ្យតំណាងអយ្យការថ្លឹងថ្លែងថា គួរចោទប្រកាន់ ឬមិនចោទប្រកាន់ ។ តំណាងអយ្យការអាចតម្កល់រឿងទុកឥតចាត់ការក្រោមមូលហេតុពីរយ៉ាង រួមមាន៖ ការសម្រេចតម្កល់រឿងទុកឥតចាត់ការចំពោះអំពើដែលមិនមែនជាបទល្មើស និងការសម្រេចតម្កល់រឿងទុកឥតចាត់ការចំពោះអំពើដែលជាបទល្មើស។

១៖ ការសម្រេចតម្កល់រឿងទុកឥតចាត់ការចំពោះអំពើដែលមិនមែនជាបទល្មើស

ដើម្បីកំណត់ថាអំពើណាខ្លះដែលជាបទល្មើស គឺមានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុងបទប្បញ្ញត្តិច្បាប់ព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន ពោលគឺ មិនមានបទល្មើសទេ ប្រសិនបើច្បាប់មិនបានចែងថាអំពើនោះជាបទល្មើស ។

ការតម្កល់រឿងទុកឥតចាត់ការចំពោះអំពើដែលមិនមែនជាបទល្មើស រួមមាន៖

* កង្វះធាតុផ្សំបទល្មើស៖ មុននឹងតំណាងអយ្យការអាចសម្រេចចោទប្រកាន់បាន តំណាងអយ្យការត្រូវពិនិត្យថា អំពើដែលជនសង្ស័យនោះប្រព្រឹត្តមានធាតុផ្សំនៃបទល្មើសទាំងបីនេះដែរឬទេ? មានដូចជា៖ ធាតុនីត្យានុកូល (ធាតុច្បាប់)  ធាតុសត្យានុម័ត (អំពើ) ធាតុអត្តនោម័ត (មានចេតនា ឬអចេតនា) ដូចនេះប្រសិនបើអំពើនោះខ្វះនូវធាតុផ្សំណាមួយនៃធាតុផ្សំទាំងបីខាងលើនេះ នោះត្រូវបានច្បាប់កំណត់ថា អំពើនោះមិនមែនជាបទល្មើសឡើយ ។

* អវត្តមានបទល្មើស៖ គឺជាអំពើទាំងឡាយណាដែលមិនមែនជាបទល្មើសព្រហ្មទណ្ឌ ពោលគឺជាការអនុវត្តកាតព្វកិច្ចរបស់កូនបំណុល ទៅកាន់ម្ចាស់បំណុល (អាចជាកិច្ចសន្យាខ្ចីប្រាក់ជាដើម) ។

២៖ ការសម្រេចតម្កល់រឿងទុកឥតចាត់ការចំពោះអំពើដែលជាបទល្មើស

ការបង្កើតនូវគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់នេះ គឺយល់ឃើញថា អំពើមួយចំនួន ថ្វីត្បិតតែច្បាប់បានកំណត់ថាជាបទល្មើសពិតមែន ប៉ុន្តែកាលៈទេសៈនៃការប្រព្រឹត្តបទល្មើសនោះមិនបានបង្កព្យសនកម្មធ្ងន់ធ្ងរ និងគ្មានភាពវឹកវរដល់សង្គមឡើយ ។

ការតម្កល់រឿងទុកឥតចាត់ការចំពោះអំពើដែលជាបទល្មើស រួមមាន៖

* មូលហេតុគតិយុត្ត៖ គឺបទប្បញ្ញត្តិច្បាប់បានរារាំងដល់តំណាងអយ្យការមិនអាចធ្វើការចោទប្រកាន់ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើដែលជាបទល្មើសនោះបានទេ ពីព្រោះ (១) បុគ្គលនោះមានអភ័យឯកសិទ្ធិ (២) មន្ត្រីនគរបាលយុត្តិធម៌អនុវត្តខុសពីនីតិវិធីច្បាប់ចំពោះជនសង្ស័យ (៣) ការផុតរលត់នៃបណ្តឹងអាជ្ញា និង (៤) ការរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ ។

* ការចោទប្រកាន់មិនផ្តល់ប្រយោជន៍៖ គឺជាការថ្លឹងថ្លែងរបស់តំណាងអយ្យការលើស្ថានភាពនានាដែលពាក់ព័ន្ធនឹងបទល្មើស ជនសង្ស័យ  និងជនរងគ្រោះជាដើម ហើយប្រសិនបើការចោទប្រកាន់នោះមិនផ្តល់ផលប្រយោជន៍អ្វីដល់សង្គមទេ មានតែការខាតបង់ទៅវិញ តំណាងអយ្យការអាចពិចារណាក្នុងការសម្រេចតម្កល់រឿងទុកឥតចាត់ការបាន ។

សរុបមក ទោះបីជាតំណាងអយ្យការអាចអនុវត្តនូវគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់នេះ តាមរយៈការថ្លឹងថ្លែងរបស់ខ្លួនក៏ដោយ ក៏តំណាងអយ្យការត្រូវមានសំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវតាមច្បាប់ ចំពោះការសម្រេចតម្កល់រឿងទុកឥតចាត់ការនេះ ។

រៀបរៀងដោយ៖ លោកមេធាវី លឹ ម សុវណ្ណារ៉ុង និងកញ្ញា ឃាន លក្ខិណា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com (http://www.ciclf.com/) ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕