(បរទេស)៖ ត្រឹមតែរយៈពេល ២៤ម៉ោងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter Inc បានបាត់បុគ្គលសំខាន់ៗដល់ទៅពីររូបដែលសុទ្ធសឹងតែជាអ្នកដឹកនាំខ្លាំងៗក្នុងក្រុមហ៊ុន។ តាមរយៈរបាយការណ៍ចុងក្រោយនេះប្រធានផ្នែកសុវត្ថិភាព និងផ្សព្វផ្សាយពាណិជ្ជកម្មលោកស្រី A.J. Brown បានប្រកាសលាលែងពីតំណែងត្រឹមតែរយៈពេលមួយថ្ងៃ បន្ទាប់ពីប្រធានផ្នែកទំនុកចិត្ត និងសុវត្ថិភាពលោកស្រី Ella Irwin បានលាលែងពីតំណែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពដដែលបានឱ្យដឹងថា ជុំវិញការចាកចេញពីតំណែងភា្លមៗរបស់ប្រធានផ្នែកទាំងពីររូបនេះ បានកើតឡើងបន្ទាប់ពីការពិភាក្សាដ៏ក្តៅគគុក ជុំវិញការរឹតបន្តឹមលើខ្លឹមសារ «What is a Woman?» របស់ Daily Wire ដែលជាប្រភេទភាពយន្តឯកសារ (documentary)។ ដោយក្នុងនោះគេឃើញអ្នកកាសែតម្នាក់ឈ្មោះ Matt Walsh បានចោទសួរអំពីចលនាប្តូរភេទ។ យ៉ាងណាគេមិនច្បាស់នោះទេថាតើការចាកចេញនេះមានអ្វីពាក់ព័ន្ធនឹងការផលិតភាពយន្តឯកសាររបស់ Daily Wire ដែលត្រូវបានធ្វើឡើងដោយប្រតិបត្តិករបស់ Twitter។

តាមរយៈរបាការណ៍ចុងក្រោយនេះទំនងជាបន្ថែមបន្ទុកមួយកម្រិតទៀតដល់ នាយកប្រតិបត្តិក្រុមហ៊ុន Twitter ថ្មីលោកស្រី Linda Yaccarino ដែលមកជំនួសតំណែងរបស់ Musk ដើម្បីមកស្រោចស្រង់ Twitter ឡើងវិញដែលចាប់តាំងពីការទិញយកខែតុលាក្រុមហ៊ុននេះរង្គោះរង្គើរស្ទើតែខាតបង់បាត់ក្រុមហ៊ុនទាំងមូលម្តងៗ ខណៈដែលបុគ្គលិកវិញចាកចេញពីក្រុមហ៊ុនជាបន្តបន្ទាប់៕