(មីឡាន)៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានប្រកាសឈប់លេងបាល់ទាត់ជាផ្លូវការហើយ ក្រោយពេលបញ្ចប់ ១ប្រកួតចុងក្រោយក្នុងលីគ Serie A ជាមួយ AC Milan កាលពីរាត្រីថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣។

ស្ថិតក្នុងវ័យ ៤១ឆ្នាំ សញ្ជាតិស៊ុយអែត Zlatan គឺជាកីឡាករមួយរូបដែលបានប្រកាសចូលនិវត្តន៍ពីបាល់ទាត់សម័យទំនើបមួយនេះ នៅពេលដែលមានអ្នកគាំទ្រ និងមិត្តរួមក្រុមជាច្រើនកុះករបានឈរជាជួរអមនៅថ្ងៃលាឈប់ក្នុងកីឡដ្ឋាន San Siro ផងដែរនាយប់មិញនេះ។

ក្នុងពិធីប្រកាសមិត្តរួមក្រុម ក៏ដូចជាអ្នកគាំទ្រផងនោះ Zlatan បានថ្លែងលាយឡំដោយទឹកភ្នែករលីងរលោងថា «លាហើយបាល់ទាត់ ក៏ប៉ុន្តែពុំមែនលាអ្នកទាំងអស់គ្នានោះទេ។ នៅទីនេះខ្ញុំទទួលបាននូវការលើកទឹកចិត្តជាច្រើន។ ថ្ងៃដំបូងដែលខ្ញុំបានមកកាន់ទីនេះ ខ្ញុំមានក្តីសុខខ្លាំងណាស់ បន្ថែមលើក្តីស្រឡាញ់ជាច្រើន ពេលត្រឡប់មកជាលើកទី២ ទៀត»

នៅចាំបានថា Zlatan Ibrahimovic បានវិលមកលេងឲ្យ AC Milan ជាលើកទី២ កាលដើមឆ្នាំ២០២០ ជាមួយនឹងការឈ្នះពានលំដាប់កំពូលអ៉ីតាលី Serie A នារដូវកាលមុន មុនពេលជួបបញ្ហាញាំញីដោយរបួស ដែលចូលលេងបានតែ ៤ប្រកួតប៉ុណ្ណោះនារដូវកាលនេះ នៅមុនពេលសម្រេចចិត្តចូលនិវត្តន៍តែម្តង ស្របពេលកិច្ចសន្យាផុតកំណត់ជាមួយ AC ក្នុងខែនេះផងដែរ។

ក្នុងនាមកីឡាករអាជីពលេងក្នុងតំណែងប្រយុទ្ធនោះ រូបលោកបានស៊ុតបញ្ចូលទីសរុប ៥១១គ្រាប់បូករួមទាំងលេងឲ្យក្លិប PSG, Manchester United, Inter Milan និងទាំង ២លើកជាមួយ AC Milan ទៀតផង៕