(ម៉ាឌ្រីដ)៖ តារាជើងស៊ុតពាក់លេខ៩ Karim Benzema បានបន្សល់ទុក ១គ្រាប់ចុងក្រោយជាមួយក្លិបអធិរាជស Real Madrid ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេល ១៤ឆ្នាំមកនេះ។

តាមរយៈគេហទំព័រកីឡា BBC ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ នេះថា ក្លិបអេស្ប៉ាញ Real Madrid បានប្រកាសពីការចាកចេញរបស់ Benzema កាលពីរាត្រីថ្ងៃអាទិត្យក្នុងកីឡដ្ឋាន Bernabeu ដោយបញ្ចប់រយៈពេល ១៤ឆ្នាំ មុនពេលបែកធ្លាយព័ត៌មានផ្លាស់ទៅលេងឲ្យក្លិបនៅអារ៉ាប៊ីសាអូឌីតទៅទៀត។

ក្នុងប្រកួតដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ របស់ Real Madrid ទល់នឹងក្រុមភ្ញៀវ Athletic Bilbao នោះ Benzema ជាអ្នករកបានគ្រាប់តាមស្មើត្រឡប់មកវិញដោយបាល់ ១១ម៉ែត្រ ក្រោយពេលមិត្តរួមក្រុម Eder Militao បានដួលក្នុងប្រអប់គ្រោះថ្នាក់ និងជាគ្រាប់បាល់ទី ៣៥៤គ្រាប់ផងដែរសម្រាប់ Real Madrid នៅថ្ងៃប្រកួតចុងក្រោយនេះ។

ស្ថិតក្នុងវ័យ ៣៥ឆ្នាំនាពេលបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធអន្តរជាតិបារាំងខាងលើ គឺជាអ្នករកបានគ្រាប់ច្រើនជាងគេសម្រាប់ Real Madrid ឈរនៅលំដាប់ទី២ ដោយបានរួមចំណែកជួយក្រុមប្រចាំនៅរដ្ឋធានីអេស្ប៉ាញ Madrid មួយនេះឈ្នះជើងឯក UEFA Champions League បាន ៥លើក និងពាន La Liga ចំនួន ៤លើកផងដែរ៕