(បរទេស)៖ អ្នកចែកចាយភាពយន្តក្នុងស្រុករបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា តារាសម្តែងអាមេរិក Tom Cruise នឹងទៅប្រទេសកូរ៉េម្តងទៀតដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់លោកដែលមានចំណងជើងថា «Mission: Impossible-Dead Reckoning Part One»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Times នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ផលិតកម្ម Lotte Entertainment បានធ្វើសេចក្តីប្រកាស ប៉ុន្តែបាននិយាយថា កាលបរិច្ឆេទ និងដំណើរនៃដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ Tom Cruis មិនទាន់សម្រេចនៅឡើយទេ។ តែយ៉ាងណាទស្សនកិច្ចនេះ ទំនងជាមកដល់មុន ឬក្រោយការចេញផ្សាយរបស់ភាពយន្តនេះនៅកូរ៉េ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែកក្កដាខាងមុខ។ ផលិកកម្មដដែលបានបន្ថែមថា វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទី១១ របស់ Tom Cruise ទៅកាន់ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីលើកដំបូង ក្នុងឆ្នាំ ១៩៩៤។

គួរជម្រាបថា និពន្ធ និងដឹកនាំដោយ Christopher McQuarrie ភាពយន្តនាពេលខាងមុខ គឺជាវគ្គទី៧ នៃខ្សែភាពយន្ដ Spy-Action ដ៏ល្បីល្បាញ «Mission: Impossible» ដែលសម្តែងដោយតារាសម្តែង និងផលិតករជនជាតិអាមេរិក Cruise៕