(ភ្នំពេញ)៖ កីឡាករកម្ពុជា ប្រាក់ តឿ ប្រកួតក្នុងវិញ្ញាសា កីឡាលើកទម្ងន់ជនពិការ ប្រភេទ ៥៩កីឡូក្រាម ធ្វើមិនបានល្អនោះទេ ដោយស្ថិតក្នុងលេខរៀងទី៨ ក្នុងចំណោមអត្តពលិក ៨នាក់ ដែលការប្រកួតធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន រាជធានីភ្នំពេញ។

ក្នុងវិញ្ញសានេះ កីឡាករថៃ Amorntep ទទួលបានមេដាយមាស កីឡាករម៉ាឡេស៊ី Azlan Mos ទទួលបានមេដាយប្រាក់ និងកីឡាករវៀតណាម Nguyen Van Phung ទទួលបានមេដាយសំរិទ្ធ។

សូមជម្រាបថា កីឡាករ ស្មាន់ ប៉ាវស៉ី អត្តពលិកកីឡាលើកទម្ងន់ ក្នុងប្រភេទ ៥៤កីឡូក្រាម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក៏ធ្វើមិនបានល្អនោះដែរ និងស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមអត្តពលិក ៧នាក់ ដែលការប្រកួតធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ។

កម្ពុជា ដាក់អត្តពលិក ៦នាក់ ក្នុងកីឡាលើកទម្ងន់ជនពិការ ដែលមានន័យថា កម្ពុជា នឹងមានអត្តពលិក ៤នាក់ទៀត ដើម្បីដណ្តើមមេដាយ នៅថ្ងៃនេះ និងស្អែកនេះ។

ការប្រកួតកីឡាលើកទម្ងន់ក្នុងព្រិត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ធ្វើឡើងដោយមានប្រទេសចំនួន ១០ចូលរួមប្រកួត ក្នុងនោះរួមាន៖ កម្ពុជា ថៃ វៀតណាម ឥណ្ឌនេស៊ី មីយ៉ាន់ម៉ា ឡាវ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងទីម័រ។ ការប្រកួតកីឡានេះ ចាប់ដំណើរការប្រកួតពីថ្ងៃទី០៤ -៧ ខែមិថុនា ឆ្នាំ២០២៣៕