(បរទេស)៖ ទីបំផុតក្រុមហ៊ុនផលិតបន្ទឈីបកំពូល Qualcomm បញ្ជាក់ថ្ងៃប្រកាសចេញបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 8 Gen 3 ជាផ្លូវការហើយដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

ជាទម្លាប់ Qualcomm តែងតែរៀបចំកិច្ចប្រជុំកំពូល Snapdragon នៅទីក្រុង Maui រដ្ឋ Hawaii សហរដ្ឋអាមេរិក ហើយឆ្នាំនេះទំនងក៏មិនខុសពីរាល់ឆ្នាំដែរ។

ប្រភពដដែលបានឱ្យដឹងខ្លះៗទាក់ទងនឹងបន្ទះឈីបជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 8 Gen 3 ដែលមកលើកនេះនឹងមានកម្លាំងខ្លាំងជាងជំនាន់ណាៗទាំងអស់។ Snapdragon 8 Gen 3 នឹងបំពាក់ដោយស្ថាបត្យកម្ម 1+5+2 ថ្មីជំនួសឱ្យ 1+2+2+3 ដែលប្រើក្នុងម៉ូដែល Snapdragon 8 Gen 1 និង 8 Gen 2។

បន្ថែមពីនេះទៅទៀត Snapdragon 8 Gen 3 នឹងដំណើរការនៅលើ 1x Cortex-X4 prime cores ភ្ជាប់ជាមួយ 5x Cortex-A720 cores, 2x Cortex-A520 cores និង Adreno 750 GPU ដែលគេរំពឹងនឹងមានកម្លាំងកាន់តែខ្លាំងជាមួយនឹងការបំពាក់ដំណើរការពិសេសៗរួមគ្នា។ ចំណែកឯកញ្ចប់ GPU វិញក៏ត្រូវបានធ្វើបច្ចុប្បន្នភាពមុខងារ L3 cache របស់វាផងដែលពី ៨មេហ្គាបៃ ទៅ ១០មេហ្គាបៃ។

យោងតាមគេហទំព័រ Digital Chat Station ដ៏ល្បីរបស់ចិនបានអះអាងថា ម៉ូដែល Xiaomi 14 នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់បន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm នៅក្នុងខែវិច្ឆិកា ជាមួយនឹង vivo X100 series, iQOO 12 series, Redmi K70 series, OnePlus 12 និង Realme GT5 ក៏ទទួលបានផងដែរ៕