(បរទេស)៖ ក្រុមចម្រៀងនារី K-pop Blackpink បានសម្តែងដោយគ្មានវត្តមានរបស់ Jisoo ជាលើកដំបូង សម្រាប់ដំណើរទេសចរណ៍ពិភពលោក Born Pink កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ការអវត្តមានសមាជិក Jisoo គឺដោយសារតែតារាស្រីរូបនេះ បានឆ្លងកូវី-១៩។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

តារាស្រីវ័យ២៨ឆ្នាំ Jisoo បានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី០១ ខែមិថុនា ហើយទីភ្នាក់ងារគ្រប់គ្រងរបស់ពួកគេ បានប្រកាសថានាងនឹងមិនចូលរួមសម្តែង ក្នុងកម្មវិធី Osaka gigs នោះទេ ដោយនិយាយថា «Jisoo បានប្តេជ្ញាចិត្តក្នុងការសម្តែង ដោយចង់រក្សាការសន្យារបស់នាង ជាមួយអ្នកគាំទ្រ Blackpink ដែលបានរង់ចាំ ប៉ុន្តែបានសម្រេចចិត្តមិនចូលរួមប្រគំតន្ត្រី ដើម្បីសុខភាព និងសុវត្ថិភាពទាំងអស់គ្នា»។ តារាស្រីរូបនេះ ក៏បានបង្ហោះសារលើ Instagram ដោយបានសុំទោស ដែលមិនបានជួបអ្នកគាំទ្ររបស់ខ្លួន ក្នុងប្រទេសជប៉ុន។

ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមចំនួន៣រូបផ្សេងទៀតគឺ Jennie អាយុ២៧ឆ្នាំ, Rose អាយុ២៦ឆ្នាំ និង Lisa អាយុ២៦ ឆ្នាំ បានបង្ហាញការសម្តែងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ដ៏ចាប់អារម្មណ៍ទៅកាន់អ្នកគាំទ្រផងដែរ។ អ្នកគាំទ្រជាច្រើន បានជូនពរជាបន្តបន្ទាប់ឲ្យ Jisoo ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩៕