(បាដាដ)៖ សមាគមបាល់ទាត់អ៉ីរ៉ាក់ (IFA) បានពង្រឹងភាពជាដៃគូ ជាមួយនឹងលីគកំពូលអេស្ប៉ាញ Spanish National Professional Football League ហៅកាត់ថា La Liga ដែលជាការបោះជំហានដ៏សំខាន់មួយ សម្រាប់ក្រុមជម្រើសជាតិអ៉ីរ៉ាក់ ក្នុងការចាប់ផ្តើមលីគបាល់ទាត់អាជីពនៅប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

កិច្ចសន្យាក្រោមការឧបត្ថម្ភ ពីនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ Mohammed Shia' al-Sudani នេះ ត្រូវបានចុះហត្ថលេខាដោយប្រធាន IFA លោក Adnan Dirjal និងលោក Javier Tebas ប្រធាន La Liga។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្តីការនាយករដ្ឋមន្ត្រី នាទីក្រុង Baghdad។

បើតាមលោក Dirjal បានបញ្ជាក់ថា កិច្ចសន្យាទី១ នឹងតម្រូវឲ្យ La Liga តែងតាំងនាយកប្រតិបត្តិ ដើម្បីបង្កើត និងប្រតិបត្តិលីគបាល់ទាត់ raqi Professional League។ ការរៀបចំនេះ ក៏រួមបញ្ចូលទាំងការហ្វឹកហាត់ក្រុមអ៉ីរ៉ាក់ ដើម្បីគ្រប់គ្រងគណៈកម្មាធិការ ដែលមានភារកិច្ចរៀបចំការប្រកួតលីគ។

ចំពោះកិច្ចសន្យាទី២ វិញលីគអេស្ប៉ាញ នឹងជួយអភិវឌ្ឍន៍ទេពកោសល្យបាល់ទាត់អ៉ីរ៉ាក់។ លីគអេស្ប៉ាញ ក៏នឹងជួយសម្រួលដល់វគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍ សម្រាប់បុគ្គលិក ក្នុងមជ្ឈមណ្ឌលទេពកោសល្យទាំងអស់ រួមទាំងគ្រូបង្វឹក និងអ្នកគ្រប់គ្រងរដ្ឋបាលផងដែរ៕