(អាមេរិក)៖ អ្នកសរសេររឿងហូលីវូដ និងផលិតករទូរទស្សន៍បានធ្វើកូដកម្ម អស់រយៈពេលមួយខែកន្លងមកហើយ ខណៈដែលគ្រានេះស្រាប់តែទទួលបានដំណឹងថា ក្រុមតារាសម្ដែងក៏អាចនឹងចូលរួមក្នុងកូដម្មនេះផងដែរ ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។ 

សហជីព SAG-AFTRA ដែលតំណាងឲ្យតារាសម្តែងទូរទស្សន៍ និងភាពយន្ត បានស្នើឲ្យសមាជិកចំនួន១៦ម៉ឺននាក់របស់ខ្លួន ឲ្យធ្វើកូដកម្ម មុនការចរចាជាមួយស្ទូឌីយោក្រុមហ៊ុនកម្សាន្តធំៗ នៅថ្ងៃពុធសប្តាហ៍នេះ។ ប្រសិនបើយ៉ាងហោចណាស់ ៣/៤ នៃសមាជិក បោះឆ្នោតគាំទ្រពួកគេអាចធ្វើកូដកម្ម ខណៈកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ពួកគេ ផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។ នៅក្នុងការចរចានេះ ក្រុមតារាសម្តែងនឹងស្នើសុំប្រាក់ឈ្នួលខ្ពស់ជាងមុន និងការការពារប្រឆាំងនឹងការប្រើប្រាស់រូបភាពរបស់ពួកគេ ដោយគ្មានការអនុញ្ញាតតាមរយៈបច្ចេកវិទ្យាបញ្ញានិម្មិត AI។

នៅក្នុងលិខិតមួយទៅកាន់សមាជិក មេដឹកនាំសហជីព SAG-AFTRA បាននិយាយថា ឧស្សាហកម្មភាពយន្តបានផ្លាស់ប្តូរយ៉ាងខ្លាំង ជាមួយនឹងការកើនឡើងនៃការចាក់ផ្សាយតាមអនឡាញ និងការលេចឡើងនៃបច្ចេកវិទ្យាថ្មីដូចជា AI។ ដូច្នេះហើយលក្ខខណ្ឌខ្លះក្នុងកិច្ចសន្យា គួរតែដល់ពេលកែប្រែហើយ។ ដោយឡែកអ្នកនាំពាក្យរបស់សម្ព័ន្ធអ្នកផលិតភាពយន្ត និងទូរទស្សន៍ AMPTP ដែលតំណាងឲ្យស្ទូឌីយោធំៗដូចជា Walt Disney និង Netflix មិនមានការអត្ថាធិប្បាយភ្លាមៗនោះទេ ស្របពេលដែលការធ្វើកូដកម្មរយៈពេលមួយខែ ដោយសមាជិកជាង ១ម៉ឺននាក់ នៃសមាគមអ្នកនិពន្ធបានរំខានដល់ការផលិតកម្មវិធី និងគម្រោងភាពយន្តល្បីៗជាច្រើន។

គួររំឭកថា ក្រុមតារាសម្ដែងហូលីវូដ បានធ្វើកូដកម្មលើកចុងក្រោយកាលពីឆ្នាំ ២០០០។ ប្រសិនបើកិច្ចពិភាក្សាកិច្ចសន្យាថ្មី មិនទទួលបានជោគជ័យ គេជឿជាក់ថានឹងធ្វើឲ្យស្ទូឌីយោភាពយន្ត និងទូរទស្សន៍ធំៗដែលកំពុងប្រឈម នឹងបញ្ហាដោយកូដកម្មឈប់ធ្វើការរបស់អ្នកនិពន្ធស្រាប់ កាន់តែមានសម្ពាធថែមទៀត៕