(ម៉ាទ្រីដ)៖ អ្នកចាត់ការក្លិបអេស្ប៉ាញ Sevilla លោក Jose Luis Mendilibar បានបន្តកិច្ចសន្យារបស់លោករហូតដល់ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគ La Liga នៅថ្ងៃអង្គារ បន្ទាប់ពីលោកបានដឹកនាំក្រុម បន្តកំណត់ត្រាជោគជ័យជាលើកទី៧ នៅពាន Europa League។ នេះបើយោងតាម CNA ចេញផ្សាយនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

Sevilla បាននាំយកលោក Mendilibar ឲ្យដឹកនាំក្រុមក្នុងខែមីនា ជាមួយនឹងក្លិបឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុង La Liga និងតស៊ូជាមួយនឹងការកាត់ចោល មុនពេលលោកបានដឹកនាំក្រុមទៅកាន់ការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ និងបានយកឈ្នះលើក្រុមអ៉ីតាលី AS Roma ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ លីគលំដាប់ទី២ នៅអឺរ៉ុប Europa League កាលពីសប្តាហ៍មុន។

ការបន្តកិច្ចសន្យានេះ ត្រូវបានប្រកាសជាលើកដំបូង ដោយអនុប្រធានក្លិប Sevilla លោក Jose Maria del Nido Carrasco នៅស្ថានីយវិទ្យុ COPE។

លោក Mendili វ័យ ៦២ឆ្នាំ​ មានបទពិសោធន៍ជាអ្នកចាត់ការអស់រយៈពេលជិត ៣០ឆ្នាំមកហើយ៕