(បរទេស)៖ ក្រុមហ៊ុន Apple TV+ បានប្រកាសពីការការត្រៀមផលិតភាពយន្តឯកសារមួយ ដែលមាន៤ភាគ និយាយអំពីកំពូលតារាបាល់ទាត់ឈ្នះពានរង្វាន់ «World Cup 2022» ថ្មីៗនេះ គឺលោក Lionel Messi។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ 

Apple TV+ ដែលផ្តល់សេវាកម្ម Steaming បាននិយាយថា ស៊េរីភាពយន្តឯកសារនេះនឹងបង្ហាញពីតារាបាល់ទាត់ Messi ដែលស៊ុតបញ្ចូលទីបាន៧គ្រាប់ ខណៈដែលអាហ្សង់ទីនលើកពាន World Cup នៅកាតាក្នុងខែធ្នូ។ នៅក្នុងពាក្យសំដី Messi គឺបានប្រាប់រឿងច្បាស់លាស់ នៃអាជីពមិនគួរឲ្យជឿរបស់លោក ជាមួយក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ដោយផ្តល់នូវការទស្សនាយ៉ាងច្រើនកុះករជុំវិញពិភពលោក និងមិនធ្លាប់មានពីមុនមក ចំពោះដំណើរស្វែងរករបស់លោក សម្រាប់ការឈ្នះពានរង្វាន់ World Cup ដែលកំណត់កេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រ។ នេះបើតាមអ្វីដែល Apple TV+ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ភាពយន្តនេះនឹងរំឭកឡើងវិញ នូវអាជីពជាអន្តរជាតិរបស់ Messi ដោយចាប់ផ្តើមជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូង សម្រាប់ប្រទេសអាហ្សង់ទីនក្នុងឆ្នាំ២០០៥ នៅពេលដែលលោកត្រូវបានបណ្តេញចេញ រយៈពេលពីរនាទី បន្ទាប់ពីការចូលមកជំនួស និងរួមទាំងការបរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ២០១៤ ជាដើម។ ភាពយន្តឯកសារមួយនេះ ត្រូវបានរាយការណ៍មកថា ថតនៅទីក្រុងប៉ារីស កាតា និងអាហ្សង់ទីន។ តែយ៉ាងណា សម្រាប់ការចាក់បញ្ចាំង នៅមិនទាន់មានការបញ្ជាក់លំអិតនៅឡើយ ហើយបើតាមពាក្យចចាមអារ៉ាម គឺអាចចេញផ្សាយនៅចុងឆ្នាំ២០២៣នេះ នៅលើ Apple TV+។

គួរជម្រាបថា កីឡាករ Messi វ័យ៣៥ឆ្នាំបានចាកចេញពីក្លិប Paris Saint-Germain នៅដើមខែនេះ បន្ទាប់ពីពីររដូវកាលដែលលោកបានស៊ុតបញ្ចូលទីបាន៣២ គ្រាប់ ក្នុងការបង្ហាញខ្លួន៧៥ដង និងឈ្នះពានរង្វាន់ Ligue1 ចំនួនពីរលើក។ លោកមិនទាន់បានប្រកាសថា ក្លឹបណាដែលលោកនឹងលេងសម្រាប់រដូវកាលបន្ទាប់នោះទេ ដោយមានរបាយការណ៍ និងប្រភពជិតស្និទ្ធនឹងការចរចាថា លោកអាចចុះហត្ថលេខាលើកិច្ចសន្យា ដែលរកកម្រៃបានខ្ទង់ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ ដើម្បីទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីត៕