(បរទេស)៖ ថ្មីៗនេះទទួលដំណឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានទិញយកក្រុមហ៊ុន AR Startup ដ៏ធំមួយរបស់អាមេរិកដែលមានឈ្មោះថា Mira ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតកាសសម្រាប់ផ្គត់ផ្គង់ទៅក្រុមហ៊ុនធំៗ និងយោធាអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា របាយការណ៍ទិញយកនេះបានកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពី Apple បានដាក់បង្ហាញវែនតា VR ជំនាន់ចុងក្រោយ Apple Vision Pro ដែលមានតម្លៃប្រមាណ ៣,៤៩៩ដុល្លារ ដែលក្រុមហ៊ុន Apple គ្រោងចេញលក់នៅចុងឆ្នាំនេះ។ តាមរយៈរបាយការណ៍នេះមិនត្រូវបានគេគូសបញ្ជាក់លម្អិតពីគោលបំណងទិញយកនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងជាមានការពាក់ព័ន្ធនឹង Apple Vision Pro។

ប្រភពពី The Verge បានឱ្យដឹងថា Mira គឺជាក្រុមហ៊ុនផលិតដំណើរការខ្លាំងទៅលើផ្នែក Software និង Hardware និងមានផ្គត់ផ្គង់ឧបករណ៍មួយចំនួនទៅយោធាអាមេរិក។ ក្នុងនោះកិច្ចព្រមព្រៀងយោធារបស់ Mira ជាមួយនឹងអាមេរិករួមមាន កងទ័ពអាកាស និងកិច្ចព្រៀងដែលមានតម្លៃប្រមាណ ៧០២,៣៥១ដុល្លារ ជាមួយនឹងកងទ័ពជើងទឹក នេះបើតាមរបាយការណ៍ និងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលអាមេរិក។

គួរជម្រាបដែរថា ជុំវិញតម្លៃនៃការទិញយក Mira ក្រុមហ៊ុនApple នៅមិនទាន់បង្ហើបនៅឡើយនោះទេ ដូច្នេះមានតែរង់ចាំការចេញព័ត៌មានលម្អិតពី Apple ពេលក្រោយ៕