(ប៉េកាំង)៖ កីឡាករស្នូឃ័រ និងប៊ីយ៉ាឈរនៅលំដាប់ជួរមុខរបស់សាធារណរដ្ឋប្រជាមានិតចិន ២រូបមានដូចជា Liang Wenbo និង Li Hang ត្រូវបានសហព័ន្ធប៊ីយ៉ាពិភពលោក (WPBSA) ដាក់បម្រាមមិនឲ្យចូលរួមប្រកួតអស់មួយជីវិត តែម្តង ក្រោយរកឃើញអ្នកទាំងពីរមានការជាប់ពាក់ព័ន្ធនឹងការរៀបចំលទ្ធផលទុកជាមុន។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះថា កីឡាករទាំង ២រូបខាងលើនេះ ក៏ត្រូវបាន WPBSA តម្រូវឲ្យបង់លុយប្រមាណ ៤៣០០០ផោន បន្ថែមលើការដាក់ទណ្ឌកម្មអស់ ១ជីវិតនេះដែរ គ្រាដែលកីឡាករចិន ៨រូបផ្សេងទៀត គ្រាន់តែដកបញ្ឈរជើងមួយរយៈពេលប៉ុណ្ណោះ។

ប្រធាន WPBSA លោក Jason Ferguson បានថ្លែងថា «វាជាករណីដ៏ស្មុគស្មាញមួយ។ វាពិតជាគាំគ្រាចិត្តខ្លាំងណាស់ នៅពេលមានកីឡាករក្មេងៗពោរពេញដោយទេពកោសល្យបានល្មើសនឹងវិន័យរបស់ WPBSA តាមរយៈរងសម្ពាធពីរៀមច្បងទាំងពីរខាងលើនេះ។ វាជាឥរិយាបថដែលមិនអាចទទួលយក និងលើកលែងឲ្យបាន ក្រៅពីដកបញ្ឈរជើងពួកគេទាំងពីរអស់មួយជីវិត (lifetime ban)»

យ៉ាងណាក៏ដោយ កីឡាករទាំង ១០រូបរបស់ចិនដែលជាប់បម្រាមនេះដែរ នឹងមានពេលប្តឹងជំទាស់រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ករណីរបស់ Liang Wenbo វ័យ ៣៦ឆ្នាំ ឈរនៅលេខរៀងទី៧២ ពិភពលោក ដែលបានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ UK Championship ក្នុងឆ្នាំ២០១៥ នោះ ត្រូវបានគេរកឃើញថាមានជាប់ពាក់ព័ន្ធក្នុងការកំណត់លទ្ធផលទុកមុនដែល មានដល់ទៅ ៥ប្រកួត ព្រមទាំងព្យាយាមបញ្ចុះបញ្ចូលកីឡាករផ្សេងទៀត ក្នុងការរៀបចំលទ្ធផល ៩ប្រកួតនាពេលកន្លងមក ដូចទៅនឹងមិត្តរួមជាតិ Li Hang វ័យ ៣២ឆ្នាំ ដែលឈរនៅលំដាប់លេខ៧១ ពិភពលោកដែរ។

ដូចគ្នានោះដែរ អ្នកគាំទ្រស្នូឃ័រ និងប៊ីយ៉ាជាច្រើននាក់បានសម្តែងនូវការហួសចិត្ត និងចាត់ទុកនេះជាករណីដ៏សោកសៅបំផុតមួយ គ្រាដែលកីឡាករ Super star ចិន Bingtao និង Zhao Xintong មានការជាប់ពាក់ព័ន្ធនឹងរឿងនេះដែរ ដ្បិតពួកគេទាំងពីរត្រូវបានគេស្គាល់ជុំវិញពិភពលោក៕