(ភ្នំពេញ)៖ ថ្មីៗនេះ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានដឹកនាំក្រុមការងារប្រមាណ ៤០០នាក់ចូលមកទស្សនាសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីស ជារោងចក្រស្រាបៀរនិងភេសជ្ជៈឈានមុខគេនៅកម្ពុជា។

លោក កែវ រតនៈ បានបង្ហាញភាពស្ញើចសរសើរជាខ្លាំងទៅលើរោងចក្រ ខ្មែរ ប៊ែវើរីជីស ទាំងមូល ជាពិសេសទៅលើគ្រឿងចក្រទំនើបៗដែលថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីសហ៊ានវិនិយោគទុន ធ្វើឲ្យប្រទេសកម្ពុជាមានផលិតផលស្រាបៀរនិងភេសជ្ជៈក្នុងស្រុកដែលមានស្តង់ដារអន្តរជាតិ។

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមមន្រ្តីអគ្គិសនីកម្ពុជា ក៏បានឃើញផ្ទាល់ និងយល់កាន់តែច្បាស់ ពីរបៀបនៃប្រតិបត្តិការរបស់រោងចក្រស្តង់ដារ ធ្វើការផលិតស្រាបៀរ និងភេសជ្ជៈ ជាពិសេសប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយនៅអាស៊ីអាគ្នេយ៍ គ្រឿងផ្សំនៃវត្ថុធាតុដើមសុទ្ធតែនាំចូលពីបណ្ដាប្រទេសនៃសហគមអឺរ៉ុប និងមានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពលើបរិស្ថានជាចម្បង។

រោងចក្រផលិតស្រាបៀរនិងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស តែងបើកទទួលស្វាគមន៍ភ្ញៀវចូលមកមើលសង្វាក់ផលិតកម្មយ៉ាងកក់ក្តៅ និងមានសុវត្ថិភាពខ្ពស់ មានភ្ញៀវជាតិ និងអន្តរជាតិ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបរទេសនៅកម្ពុជា មន្រ្តីតាមស្ថាប័ននានា និងសិស្សានុសិស្ស មិនតិចជាង ១ម៉ឺននាក់ទេក្នុងមួយឆ្នាំ។

គ្រប់ផលិតផលចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សុទ្ធតែមានគុណភាពស្តង់ដារពិភពលោក ដែលជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាសរហូតដល់ ៣៣គ្រឿង ច្រើនជាងគេបង្អស់ក្នុងចំណោមរោងចក្រស្រាបៀរ និងភេសជ្ជៈក្នុងប្រទេសកម្ពុជា៕