(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីបិទសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៦ ឆ្នាំ២០២៣ BICC2023-ប៊ី អាយ ស៊ី ស៊ី ២០២៣ (The 6th BELTEI International Collaboration Conference 2023) ក្រោមប្រធានបទ «ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស» បន្ទាប់ពីរៀបចំប្រកបដោយជោគជ័យ អស់រយៈពេល២ថ្ងៃ។

ពិធីបិទនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយមានការអញ្ជើញចូលរួម ពីសាកលវិទ្យាល័យដៃគូចំនួន៣៤ មកពី១៥ប្រទេសជុំវិញពិភពលោក និងនិស្សិតសាកលវិទ្យាល័យ និងសិស្សសាលា ប៊ែលធី អន្តរជាតិ សរុបជាង៥,០០០នាក់។

នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានកិច្ចពិភាក្សាដោយមានវាគ្មិនសំខាន់ៗចំនួន ៥រូប មកពី ៥ប្រទេស រួមមាន ប្រទេសអ៊ីតាលី ស្វីស ម៉ាឡេស៊ី ថៃ និងកម្ពុជា ព្រមទាំងមានការចែករំលែកបទពិសោធន៍ អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់ លោក សួស សុវត្ថិ អតីតសិស្សនិទ្ទេស-A និងជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ និងមានការប្រគល់វិញ្ញាបនបត្រទទួលការសិក្សាដោយជោគជ័យរបស់អតីតនិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ៥រូប ផងដែរ។

ជាពិសេស សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យចំនួន ៣បន្ថែមទៀត រួមមាន សាកលវិទ្យាល័យ Information Technology and Management នៃប្រទេសប៉ូឡូញ, BHMS នៃប្រទេសស្វីស, និង British College នៃព្រះរាជាណាចក្រថៃ។ គិតមកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MoU ជាមួយសាកលវិទ្យាល័យដៃគូ ចំនួន ៩២ មកពី ១៨ប្រទេស ជុំវិញពិភពលោក។

ថ្លែងក្នុងពិធីបិទនោះ លោកបណ្ឌិត លី ឆេង បានថ្លែងអំណរគុណចំពោះគ្រឹះស្ថានសិក្សាទាំង៣៤ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែក ព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា។

លោកបណ្ឌិត បានបន្ថែមថា សន្និសីទBICC ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។

លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យដៃគូនៅក្រៅប្រទេសទាំងអស់ បន្តចូលរួមសន្និសីទ BICC 2024 ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ឲ្យបានកាន់តែប្រសើរបន្ថែមទៀត។

សូមជម្រាបជូនថា សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី រៀបចំឡើងក្នុងគោលបំណង ៧សំខាន់ៗ៖
១៖ ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
២៖ បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣៖ ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤៖ បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥៖ ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦៖ ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧៖ ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ៕