(ប៉ារីស)៖ កីឡាករ Lionel Messi នឹងផ្លាស់ទៅលេងនៅក្លិបអាមេរិក Inter Miami នៃក្របខណ្ឌ Major League Soccer ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិបម្ចាស់ពានរង្វាន់បារាំង Paris St. Germain។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

Messi ដែលបានលេងជាលើកចុងក្រោយសម្រាប់ PSG កាលពីចុងសប្តាហ៍កន្លងទៅនោះ ក៏មានព័ត៌មានថា នឹងវិលត្រឡប់ទៅកាន់ FC Barcelona វិញផងដែរ ប៉ុន្តែក្លិបអេស្ប៉ាញនេះ ពិបាកធ្វើទៅបាន ដោយសារតែច្បាប់ហិរញ្ញវត្ថុរបស់ La Liga។

នៅពេលកិច្ចសន្យាជាមួយ Miami ធ្វើឡើងនោះ កីឡាករវ័យ ៣៥ឆ្នាំ សញ្ជាតិអាហ្សង់ទីនរូបនេះ នឹងលេងនៅក្រៅតំបន់អឺរ៉ុបជាលើកដំបូង ចាប់តាំងពីចូលរួមជាមួយសាលាបណ្តុះបណ្តាលរបស់ក្លិប Barca តាំងពីវ័យ ១៣ឆ្នាំមក។

ប្រភពដែលបានដឹងពីការចរចា បានប្រាប់សារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះថា Messi ចង់ទៅលេងនៅក្លិបដែលលោកអាចមានភាគហ៊ុនជាម្ចាស់កម្មសិទ្ធិ៕