(បរទេស)៖ ក្រុមបាល់ទាត់ញញួរធំ West Ham United បានគ្រងតំណែងជើងឯកពានរង្វាន់កម្រិតទី៣ អឺរ៉ុប UEFA Conference League 2022-2023 និងទទួលបានកៅអី១ ដើម្បីលេងវគ្គចែកពូលពាន Europa League សម្រាប់រដូវកាលក្រោយទៀតផង។

ការយកឈ្នះគូប្រជែង Fiorentina មកពីអ៉ីតាលីក្នុងលទ្ធផល ២ទល់នឹង១ នៃវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ មានន័យថា សមាជិកលេងនៅលីគកំពូលអង់គ្លេស Premier League ស្ថិតក្រោមការបង្វឹករបស់លោក David Moyes បានស្គាល់រសជាតិពានអឺរ៉ុបលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៤៣ឆ្នាំ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១៤ ក្នុងលីគនារដូវកាលនេះ និងជាក្រុមដំបូងគេផងដែរ ដែលឈ្នះពានកម្រិតអឺរ៉ុប ដ្បិតពុំមានក្រុមណាមានចំណាត់ថ្នាក់ទាបឈ្នះពាននេះទេនាពេលកន្លងមក។

យ៉ាងណាក៏ដោយ វាបានក្លាយជា ១ប្រកួតចុងក្រោយសម្រាប់ប្រធានក្រុម Declan Rice មុនពេលចាកចេញពី West Ham ដូចទៅនឹងប្រធានក្រុមចាស់ Bobby Moore និង Billy Bonds។ Moore បានធ្វើប្រធានក្រុមដឹកនាំ West Ham ឈ្នះពានអឺរ៉ុប European Cup Winners’ Cup ក្នុងឆ្នាំ១៩៦៥ នៅពេល Bonds បានដឹកនាំ West Ham ឈ្នះពាន FA Cup ក្នុងឆ្នាំ១៩៧៥ និងឆ្នាំ១៩៨០ មុនពេលចាកចេញដូចគ្នា។

ក្នុងប្រកួត ៩០នាទីពេញនៃកីឡដ្ឋាន Fortuna Arena ស្ថិតនៅប្រទេសសាធារណរដ្ឋឆេកនោះ កីឡាករ Benrahma ជាអ្នករកបានគ្រាប់នាំមុខឲ្យ West Ham នៅក្រោយពេលបញ្ចប់លទ្ធផល ០-០ សម្រាប់វគ្គទី១ ដ្បិត Bonaventura ជាអ្នករកបានគ្រាប់តាមស្មើវិញឲ្យ Fiorentina រំលងបានតែ ៥នាទីប៉ុណ្ណោះ នៅមុនពេល Bowen កីឡាករនាំសំណាងរកបានគ្រាប់ជ័យជម្នះនៅនាទី៩០ ដើម្បីឈ្នះពានតែម្តង៕