(ដកម៉ាន់)៖ ក្លិបអាល្លឺម៉ង់ Borussia Dortmund បានរាយការណ៍ថា Real Madrid បានព្រមព្រៀងក្នុងការទិញយកខ្សែបម្រើប្រយុទ្ធ Jude Bellingham ជាផ្លូវការហើយក្នុងតម្លៃ ១០៣លានអឺរ៉ូ។

Bellingham ដែលមានបំណងចាកចេញពីលីគកំពូល Bundesliga ផងនោះ ពេលនេះបំណងរបស់គេគឺបានសម្រេចហើយ ដោយត្រូវបានគេរំពឹងថា នឹងទៅពិនិត្យសុខភាព ២-៣ថ្ងៃខាងមុខ មុនពេលចុះសន្យាលេងនៅ Bernabeu រយៈពេល ៦ឆ្នាំផងដែរ។

នេះមានន័យថា កីឡាករមានវ័យទើបតែ ១៩ឆ្នាំខាងលើនេះ នឹងក្លាយជាកីឡាករយុវជនទី៣ ដែលមានតម្លៃផ្ទេរខ្ពស់ជាងគេលើលោកនាពេលបច្ចុប្បន្ននេះ ដោយបានបញ្ចប់បេសកកម្មតាមការចែចូវពីសំណាក់ក្លិបក្នុងស្រុក Manchester City និង Liverpool ផងដែរ។

នៅចាំបានថា កីឡាករអន្តរជាតិអង់គ្លេស Jude Bellingham បានទៅចូលរួមជាមួយ Borussia Dortmund កាលខែកកក្កដា ឆ្នាំ២០២០ ក្រោយផ្លាស់ចេញពី Birmingham City ដោយបានបង្ហាញទម្រង់លេងឈានដល់កម្រិតកំពូលកាលលេងឲ្យជម្រើសជាតិតោខកំណាចអង់គ្លេសក្នុង World Cup 2022 ដែលធ្វើឲ្យក្លិបយក្សអេស្ប៉ាញ Real Madrid មានការចាប់អារម្មណ៍ជាខ្លាំង។

Bellingham បានក្លាយជាកីឡាករដែល Real ទិញចូលថ្លៃជាងគេទី២ បន្ទាប់ពី Eden Hazard ដែលសមាជិកលេងនៅ La Liga នេះទិញពីតោខៀវ Chelsea កាលឆ្នាំ២០១៩ មានតម្លៃ ១១៥លានអឺរ៉ូ៕