(បរទេស)៖ ក្រុមហ៊ុនផលិតស្មាតហ្វូនតម្លៃមធ្យមរបស់ប្រទេសចិន Xiaomi គ្រោងផលិតស្មាតហ្វូនដែលអាចបត់បានប្រភេទ Clamshell មកប្រកួតជាមួយនឹងក្រុមហ៊ុនកូរ៉េ Samsung និង Motorola របស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមគេហទំព័រ Weibo Tipster បានឱ្យដឹងថា Xiaomi បានត្រៀមខ្លួនជាស្រេចនូវស្មាតហ្វូនដែលអាចបត់បានប្រភេទ Clamshell ដើម្បីប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជំនាន់ចុងក្រោយនឹងកំពុងទទួលបានប្រជាប្រិយភាព Samsung Galaxy Z Flip 4 និង Motorola Razr 40 Ultra។ តាមការបង្ហើបរបស់ Xiaomi កន្លងមកថា ខ្លួនមានបំណងដាក់ឈ្មោះស្មាតហ្វូនបត់នោះថា Mix Flip ដូច្នេះប្រសិនបើ Xiaomi ផលិតបានជោគជ័យមែនយើងនឹងឃើញមាន Xiaomi Mix Flip ចេញលក់ទូទាំងពិភពលោកហើយ ប៉ុន្តែពេលនោះ Xiaomi បង្ហើបថា នឹងមិនទៅផលិតក្រៅពីប្រទេសចិននោះទេ។

គួរជម្រាបដែរថា របាយការណ៍នេះទំនងអាចក្លាយជាការពិត ខណៈបច្ចុប្បន្ននេះ Xiaomi បានផលិតស្មាតហ្វូនម៉ូដែល Mix Fold 2 បានដោយជោគជ័យរួចទៅហើយ ដែលវាមានរូបរាងស្តើង និងស្រាល ហើយក៏ទទួលការគាំទ្រគួរសមផងដែរ៕