(កូរ៉េ)៖ លោក RM ដែលជាប្រធានក្រុមចម្រៀងបុរសល្បី BTS នោះ ត្រូវបានរាយការណ៍មកថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ធំមួយក្នុងទីក្រុងសេអ៊ូល មានឈ្មោះថា Festa ដើម្បីជាការអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតក្រុម BTS។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Korea Times នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ដែលមានឈ្មោះថា «BTS Festa@Yeouido» នឹងប្រព្រឹត្តទៅនៅ Han River Park ក្នុងតំបន់ Yeouido ទីក្រុងសេអ៊ូល នៅថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ និងត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី១០ឆ្នាំ នៃការបង្កើតក្រុម BTS។ បើតាមព័ត៌មានលម្អិតនៃព្រឹត្តិការណ៍នេះ ដែលបានប្រកាសដោយផលិតកម្ម BigHit Music នៅលើវេទិកាសហគមន៍អ្នកគាំទ្រ K-pop Weverse បានឲ្យដឹងថា RM នឹងទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកគាំទ្រនៅឯ «ARMY Rounge» ដែលនឹងរៀបចំនៅទីកន្លែងនៃព្រឹត្តិការណ៍ នៅម៉ោង៥ល្ងាច។

ព្រឹត្តិការណ៍នេះ នឹងត្រូវបានផ្សាយបន្តផ្ទាល់ នៅលើវេទិកាបណ្តាញសង្គមនានាផងដែរ ដូចជា Weverse Live, YouTube និង TikTok។ ផលិតកម្មដែល BTS កំពុងជ្រកកោនបានឲ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងមានជញ្ជាំងម្យ៉ាងហៅថា «BTS History Wall» ដែលជាការតាំងពិព័រណ៌សម្លៀកបំពាក់ នៅលើឆាករបស់ក្រុមតន្រ្តីនេះ, រូបចម្លាក់ដែលត្រូវបានបង្កើតឡើង ដើម្បីប្រារព្ធខួបលើកទី១០ឆ្នាំ និងស្តង់សម្រាប់ទទួលយកបទពិសោធន៍ នៃការប្រើស្នាមសាក់ជាដើម។ បន្ថែមពីនេះ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យ នឹងធ្វើឡើងនៅម៉ោង ៨៖៣០នាទីយប់ អមដោយបទចម្រៀង BTS៕