(ភ្នំពេញ)៖ ថ្មីៗកន្លងមកនេះ សិស្សសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ២រូប ឈ្មោះ ហែម មុនិន្ទរាជ្យនី ទទួលបានជ័យលាភីមេដាយមាស និងឈ្មោះ សេង ម័រលី ទទួលបានមេដាយសំរឹទ្ធ ខណៈសិស្សម្នាក់ទៀតឈ្មោះ វិសាល ទទួលបានរង្វាន់លើកទឹកចិត្ត។

បន្ទាប់ពីការប្រកួតជជែកពិភាក្សាយ៉ាងស្វិតស្វាញរយៈពេល ១ថ្ងៃកន្លះ (ថ្ងៃទី១-២ ខែមិថុនា) សម្រាប់បេក្ខជនដែលទទួលបានជ័យលាភីនាពេលនេះ រួមមាន៖

* ប្រធានបទទី១ «ប្រែប្រួលអាកាសធាតុ» ជ័យលាភីលេខ១ យុវតី កែវ ច័ន្ទសុម៉ានី មកពីវិទ្យាល័យជាស៊ីមសាមគ្គី, លេខ២ យុវជន រិទ្ធ ប៊ុនរ៉ុង មកពីវិទ្យាល័យសាមគ្គី និងលេខ៣ យុវតី សេង ម៉ូលី មកពីសាលារៀនវ៉េស្ទឡាញន៍។

* ប្រធានបទទី២ «គ្រប់គ្រងសំណល់រឹង» ជ័យលាភីលេខ១ កញ្ញា រឿន សុលីនដា មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, លេខ២ កញ្ញា ផន ស្រីពៅ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលេខ៣ កញ្ញា ឡាន់ ស្រីណែត មកពីសកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

* ប្រធានបទទី៣ «ការអភិរក្សជីវៈចម្រុះ» ជ័យលាភីលេខ១ យុវតី ហែម មុនិន្ទ័រាជ្យនី មកពីសាលារៀនវេស្ទឡាញន៍, លេខ២ យុវតី ស៊ឹមរតនៈ សុជាតា មកពីសាលាមីគីវេ និងលេខ៣ យុវតី អាត ស្រីគុជ មកពីសាលារៀនមីគីវេ។

* ប្រធានបទទី៤ «ទីក្រុង ទីប្រជុំជនប្រកបដោយចីរភាព» ជ័យលាភីលេខ១ យុវតី ទេព ធីតាវលក្ខណ៍ មកពីសាលាប៊ែលធីអន្តរជាតិ, លេខ២ យុវតី ផាវ សុវណ្ណារី មកពីវិទ្យាល័យជាស៊ីមសាមគ្គី និងលេខ៣ យុវតី ឡាយ វល័ក្ខ មកពីសាលាមីគីវេ។

ក្នុងឱកាសនោះដែរ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ បានបន្តថា វេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣ ជាគំនិតផ្តួចផ្តើមរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានគោលបំណងជំរុញចលនាយុវជនឱ្យស្រឡាញ់ និងចូលរួមការងារប្រតិបត្តិមេត្រីបរិស្ថាន តាមរយៈការផ្តល់ឱកាសដល់យុវជន (១) ឱ្យសិក្សាស្រាវជ្រាវប្រមូលទិន្នន័យ និង(២) ការជជែកពិភាក្សាដេញដោលស៊ីជម្រៅ ដែលមានថតជាវីដេអូ ដើម្បីយកទៅផ្សព្វផ្សាយបន្តតាមទូរទស្សន៍ និងតាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, Youtube ឬតាមបណ្តាញសង្គមផ្សេងៗជាដើម សំដៅពង្រីកចំណេះដឹងបរិស្ថានដល់យុវជន និងសាធារណជនទូទាំងប្រទេសកម្ពុជា។

វេទិកានេះ មិនត្រឹមតែស្វែងរកយុវជនឆ្នើម ឬក្រុមជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីជាមធ្យោបាយក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនឱ្យមានឱកាសក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកទឡ្ហីករណ៍ឬអំណះអំណាងសមស្របមកធ្វើការបកស្រាយ ក្នុងន័យបង្កើនសមត្ថភាពរបស់ពួកគាត់។ ជាមួយគ្នានេះ វេទិកានេះក៏ជាមធ្យោបាយបញ្ជ្រាបចំណេះដឹងទៅដល់សាធាណជនគ្រប់ស្រទាប់វណ្ណៈ ឱ្យបានយល់ដឹងអំពីបរិស្ថានដែលកើតមាន និងផលប៉ះពាល់ទៅដល់សុខភាពមនុស្ស និងលើកទឹកចិត្តក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការរស់នៅប្រកបដោយចីរភាព៕