(ភ្នំពេញ)៖ ធនាគារ DGB បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្នុងការផ្តល់អាហារូបករណ៍រយៈពេល ៥ឆ្នាំដល់និស្សិតកម្ពុជា ដែលខ្វះលទ្ធភាពក្នុងការបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ដើម្បីជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ បានរៀបចំឡើងនៅទីស្នាក់ការកណ្តាលធនាគារ DGB នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោក សុខ ពុទ្ធិវុធ តំណាងបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក Hwang Byung Woo អគ្គនាយកធនាគារ DGB Daegu ប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងលោកស្រី Rhee Eun Mi តំណាងម្ចាស់ភាគហ៊ុន នៃធនាគារ DGB Cambodia។

តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារ DGB នឹងឧបត្ថម្ភថវិកាចំនួន ៦ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ដែលមានថវិកាសរុប ចំនួន៣០ម៉ឺនដុល្លារ ដល់សមាគម អ.ម.ត ដើម្បីផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតក្រីក្រនៅកម្ពុជា។

លោក Hwang Byung Woo អគ្គនាយក ធនាគារ DGB Daegu ប្រចាំនៅប្រទេសកូរ៉េខាងត្បូង មានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវ សម្រាប់សង្គម ធនាគារ DGB ផ្ដល់តម្លៃយ៉ាងខ្លាំង ចំពោះការផ្ដល់ការគាំទ្រសម្រាប់ការអប់រំដល់យុវជនជំនាន់ក្រោយ។ តាមរយៈការចូលរួមជាមួយនឹងសមាគម អ.ម.ត លើកនេះ លោកសង្ឃឹមថា ធនាគារឌីជីប៊ី ក្លាយជាចំណែកមួយនៃការអភិវឌ្ឍសង្គមកម្ពុជា ឱ្យកាន់តែមានភាពពេញបរិបូណ៌ តាមរយៈការផ្ដល់ជាការគាំទ្រឱ្យមានការរីកចំរើននូវសក្ដានុពល និងសមត្ថភាពរបស់យុវជនជំនាន់ក្រោយ របស់ប្រទេសកម្ពុជា។

លោកបន្ថែមថា «យើងខ្ញុំជឿជាក់ថា ការអប់រំមិនមែនជាសិទ្ធិពិសេសសម្រាប់បុគ្គលណាម្នាក់ឡើយ តែវាគឺជាសិទ្ធិរួមដែលគ្រប់គ្នាគួនឹងទទួលបានដោយស្មើភាពគ្នា។ ដូច្នេះហើយ បានជា ធនាគារ DGB របស់យើងបានចូលរួមជំរុញកម្មវិធីជាច្រើន ដែលធ្វើការពង្រឹងដល់មូលដ្ឋានគ្រឹះការអប់រំក្នុងតំបន់។ ការចូលរួមសហការជាមួយនឹងសមាគម អ.ម.ត គឺជាចំណែកនៃការខិតខំប្រឹងប្រែង និងដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់តម្លៃនៃការអប់រំ»

លោក សុខ ពុទ្ធិវុធ បានថ្លែងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ បានបង្ហាញយ៉ាងមុតមាំថា ធនាគារ DGB មានការប្តេជ្ញាចិត្តចំពោះការ ចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដោយចូលរួមលទ្ធភាព និងឱកាសសល់សិស្ស និស្សិត និងយុវជនកម្ពុជាឱ្យទទួលបានការសិក្សានៅកម្រិតឧត្តមសិក្សាកាន់តែច្រើនឡើងៗ។

លោកបន្តថា សកម្មភាពសប្បុរសធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល និងពោពេញដោយសមត្ថភាព ដើម្បីជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។

លោកបន្ថែមថា «ក្នុងនាមសមាគម អ.ម.ត នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ គណៈគ្រប់គ្រងរបស់ធនាគារ DGB ដើម្បីទំនាក់ទំនងដ៏ល្អរបស់ស្ថាប័នទាំងពីរ និងជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។»

សមាគម សិស្ស-និស្សិតអាហារូបករណ៍សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបង្កើនឡើងក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងសម្របសម្រួលនាំយកអាហារូបករណ៍ផ្តល់ជូនសិស្ស-និស្សិតក្រីក្រ ជាពិសេសគ្រប់គ្រង និងជួយលើកកម្ពស់ការសិក្សារបស់ពួកគេឱ្យមានប្រសិទ្ធភាពក្នុងកម្រិតឧត្តមសិក្សា ៕