(អាមេរិក)៖ ក្រុមតារាសម្តែងហូលីវូដដែលប្រកាសថា ត្រៀមធ្វើកូដកម្ម ដើម្បីទាមទារដំឡើងប្រាក់ឈ្នូល និងប្តូរគោលការណ៍ការងារមួយចំនួន ក្នុងកុងត្រាថ្មីនោះ ត្រូវបានរាយការណ៍មកថា យល់ព្រមចូលតុចរចា ជាមួយក្រុមហ៊ុនតំណាងផលិតកម្មហើយ។ ប៉ុន្តែទោះជាយ៉ាងណា គេសង្កេតឃើញថា កូដកម្មរបស់អ្នកនិពន្ធរឿង គឺនៅតែបន្ត។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

ត្បិតថា ភាគីទាំងពីរកំពុងចរចាគ្នាក្តី​ តែទាំងសហជីព SAG-AFTRA តំណាងឲ្យតារាហូលីវូដ និងក្រុមហ៊ុន AMPTP តំណាងឲ្យផលិតកម្មធំៗ មិនបានបញ្ជាក់ពីលទ្ធផល នៃកិច្ចចរចារបស់ពួកគេប្រាប់ប្រព័ន្ធផ្សព្វផ្សាយឡើយ។ ដើមហេតុនៃរឿងនេះ​គឺចាប់ផ្តើមដោយសហជីពតំណាង របស់តារាសម្តែងទាមទារដំឡើងប្រាក់ឈ្នួល និងការការពារប្រឆាំងនឹងការប្រើប្រាស់រូបភាព របស់តារាភាពយន្ត ដោយគ្មានការអនុញ្ញាត តាមរយៈបច្ចេកវិទ្យាបញ្ញានិម្មិត AI។

ភាគីទាំងពីរបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «SAG-AFTRA និង AMPTP បានចាប់ផ្តើមការចរចាជាផ្លូវការសម្រាប់កិច្ចសន្យាថ្មី ហើយជាមួយនឹងកិច្ចព្រមព្រៀងថ្មីនេះ ភាគីទាំងពីរ នឹងមិនធ្វើការអត្ថាធិប្បាយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយឡើយ សូម្បីតែលក្ខខណ្ឌនានានៃកិច្ចចរចាក៏ដោយ»។ 

ការ​ចរចា​របស់​តារា​សម្ដែង​កំពុង​ធ្វើ​ឡើង ខណៈ​ដែល​សមាគម​អ្នក​និពន្ធ​នៃ​អាមេរិក (WGA) នៅ​តែ​បន្តធ្វើកូដកម្ម។ ការងាររបស់អ្នកនិពន្ធ គឺបានផ្អាកតាំងពីថ្ងៃទី០២ ខែឧសភា ដែលធ្វើឲ្យភាពយន្តធំៗមួយចំនួន ត្រូវបានជាប់គាំងមិនទាន់ដំណើរការផលិត៕