(ភ្នំពេញ)៖ អាជ្ញាធរកីឡានៃប្រទេសថៃ ដឹកនាំដោយលោកបណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡានៃប្រទេសថៃ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីការធ្វើម្ចាស់ផ្ទះរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នៅថ្ងៃទី២០-២៦ ខែមករា ឆ្នាំ២០២៦ នៅខេត្តនគររាជសីមា (Nakhon Rachasima)។

សន្និសីទសារព័ត៌មានប្រកាសពីដំណឹងនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ ទីដែលកម្ពុជាកំពុងធ្វើម្ចាស់ផ្ទះ រៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

យោងតាមសេចក្តីប្រកាព័ត៌មាន បានឲ្យដឹងថា ក្នុងឆ្នាំ២០០៨ ប្រទេសថៃបានទទួលកិត្តិយសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ASEAN Para Games លើកទី៤ នៅខេត្ត Nakhon Ratchasima ជាទីដែលប្រទេសនេះ ត្រូវបានគេកោតសរសើរចំពោះការរៀបចំដ៏ល្អ។ ឥឡូវនេះ ប្រទេសថៃនឹងរៀបចំ និងធ្វើជាម្ចាស់ផ្ទះការប្រកួតដ៏មានកិត្យានុភាពនេះម្តងទៀត ហើយខេត្តនគររាជសីមា ត្រូវបានជ្រើសរើសជាខេត្តម្ចាស់ផ្ទះម្តងទៀត ដោយសារខេត្តនេះមានគ្រប់តម្រូវការធនធាន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំពីគ្រប់វិស័យ ដើម្បីធានាបាននូវភាពជោគជ័យចុងក្រោយ នៃការប្រកួតប្រជែង។

នៅក្នុងសន្និសីទសារព័ត៌មាននេះ មានការចូលរួមពីមន្ត្រីដទៃទៀត រួម​មាន៖

* ឧត្តមសេនីយ៍ទោ Osoth Bhavilai ប្រធានសហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF)
* លោក Naiyanobh Bhirombhakdi ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកប្រទេសថៃ
* លោក យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លេខាអគ្គលេខាធិកា NPC កម្ពុជា និងអគ្គលេខាធិការរង CAMAPGOC
* លោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា
* លោក Charin Tongsuk អភិបាលរងខេត្ត Nakhon Ratchasima
* លោក Prachoom Boontiam អភិបាលរងនៃអាជ្ញាធរកីឡាថៃ
* លោកវេជ្ជបណ្ឌិត Supranee Guptasa អ្នកគ្រប់គ្រងមូលនិធិជាតិអភិវឌ្ឍន៍កីឡា។

លើសពីនេះ សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីតំណាងមកពីប្រទេសសមាជិកអាស៊ាននីមួយៗ រួមទាំងបណ្តាញសារព័ត៌មានជាច្រើនផងដែរ។ សន្និសីទសារព័ត៌មាន បានបង្ហាញវីដេអូមួយក្រោមចំណងជើងថា «អាស៊ានប៉ារ៉ាហ្គេមលើកទី១៣ នគររាជសីមា» ដែលបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុង ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត ក៏ដូចជាការសម្តែងដែលមានចំណងជើងថា «ទីក្រុងបេតិកភណ្ឌបី របស់យូណេស្កូ» ដោយសង្កត់ធ្ងន់លើតំបន់បេតិកភណ្ឌពិភពលោកចំនួនបី របស់ទីក្រុងគឺ តំបន់​បេតិកភណ្ឌ​ពិភព​លោក ដុងផាយៀន-ខៅយ៉ៃ, តំបន់​បម្រុង​ជីវមណ្ឌល​ព្រៃ​សាកា​រ៉ាត់ និង The Korat Geo Park Global Geopark ៕