(ភ្នំពេញ)៖ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រតិភូបរទេស បានសំណូមពរឲ្យប្រទេសផ្សេងៗទៀត ពេលមានការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម យកគំរូតាមកម្ពុជា ដែលរៀបចំឲ្យមានមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) ងាយស្រួលតាមព័ត៌មានផ្សេងៗ។

លោក ខៀវ កញ្ញារីទ្ធ បានឲ្យដឹងបែបនេះ ពេលចុះពិនិត្យការងារតាមទីតាំងព័ត៌មាននានា និងទីតាំងមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រតិភូបរទេស គេសំណូមពរឲ្យប្រទេសផ្សេងៗទៀត ពេលមានការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម យកគំរូតាមកម្ពុជា ដែលរៀបចំឲ្យមាន មជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) ដើម្បីឲ្យអ្នកព័ត៌មានបានជុំគ្នា ផ្តល់យោបល់ជាមួយគ្នា យកព័ត៌មានបានគ្រប់ជ្រុងជ្រោយ ហើយសេវា Internet ក៏ដើរលឿន»

សូមជម្រាបថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៉ីហ្គេម ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕