(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានបង្ហាញការគាំទ្រ និងលើកទឹកចិត្ត ដោយបង្ហាញនូវស្នាមញញឹម និងរូបភាពបេះដូង ដល់អត្តពលិកជនពិការទាំងអស់ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ពិសេសអត្តពលិកជនពិការកម្ពុជា ដែលខិតខំប្រែងប្រែងអស់ពីសមត្ថភាព ដើម្បីដណ្ដើមមេដាយជូនជាតិ ។

ជាក់ស្ដែងនៅថ្ងៃទី០៨ ខែមិថុនានេះ ក្រៅពីប្រជាពលរដ្ឋ សិស្ស-និស្សិត និងភ្ញៀវបរទេស គេក៏ឃើញមានសមាជិក-សមាជិក ស.ស.យ.ក យ៉ាងច្រើន បានបន្ដចូលរួមទស្សនាការប្រកួតកីឡាបាល់ទះអង្គុយ រវាងក្រុមបាល់ទះអង្គុយកម្ពុជា និងមីយ៉ាន់ម៉ាផងដែរ គ្រាដែលក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ក្រោយទទួលបានជ័យជម្នះ ដោយលទ្ធផល ៣-០(សិត) ជាមួយពិន្ទុ ២៥-១៥ ២៥-១៦ និង ២៥-១៦ ទៀតផង ៕