(ឡុងដ៍)៖ ខ្សែបម្រើ Declan Rice នឹងចាកចេញពីក្លិប West Ham United នៅពេលចប់រដូវកាលនេះ។ នេះបើតាមសម្តីប្រធានក្លិប លោក David Sullivan លើកឡើងនៅថ្ងៃព្រហស្បតិ៍ ១ថ្ងៃបន្ទាប់ពីខ្សែបម្រើរូបនេះ បានជួយក្រុមដណ្តើមបានពានរង្វាន់ Europa Conference League ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៥៨ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

លោក Sullivan បានលើកឡើងថា កិច្ចសន្យារបស់ Rice មានន័យថា Rice អាចចាកចេញបាន បើទោះបីជានៅសល់រយៈពេល ១ឆ្នាំទៀត លើកិច្ចសន្យារបស់លោក ដែលមានជម្រើសអាចបន្ត រយៈពេល ១២ខែបន្ថែមទៀតក៏ដោយ។

នៅពេលដែលសួរនៅពេលឈ្នះ ២-១ នៅថ្ងៃពុធលើក្រុម Fiorentina ក្នុងលីគ Europa Conference League ថាតើនេះជាការប្រកួតលើកចុងក្រោយ របស់ Rice សម្រាប់ក្លិបឬយ៉ាងណានោះ, លោក Sullivan បានប្រាប់ថា "ខ្ញុំគិតថា វាគឺដូច្នោះ"។

Rice បានចូលរួមជាមួយសាលាបណ្តុះបណ្តាលរបស់ West Ham ក្រោយផ្លាស់មកពីក្លិប Chelsea ក្នុងវ័យជំទង់ ហើយទទួលបានការចាប់អារម្មណ៍ ក្នុងរដូវកាល២០១៧-១៨។ លោកបានទទួលតំណែងជាប្រធានក្រុម បន្ទាប់ពីការចូលនិវត្តន៍របស់ Mark Noble កាលពីឆ្នាំមុន។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានលេង៥០លើក ក្នុងការប្រកួតទាំងអស់ ក្នុងរដូវកាលនេះ ខណៈ West Ham បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៤ ក្នុងលីគ Premier League មុនពេលដណ្តើមបានពានរង្វាន់ Europa Conference League នៅទីក្រុង Prague ប្រទេសឆេកកាលពីថ្ងៃពុធ។

Rice បានលេងជាង ២០០ប្រកួត សម្រាប់ West Ham និងបានចូលលេង ៤១លើក ឲ្យក្រុមជម្រើសជាតិអង់គ្លេស ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១៩៕