(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យដំឡើង ឬទាញយកដោយឥតគិតថ្លៃនូវ Developer Beta ដែលជាកំណែអាប់ដេតថ្មី របស់ខ្លួន។ នេះជាលើកដំបូងហើយដែល Apple បានអនុញ្ញាតឱ្យប្រើប្រាស់ដោយឥតគិតថ្លៃបែបនេះ ដោយកាលពីមុន គឺតម្រូវឱ្យអ្នកប្រើប្រាស់បង់ប្រាក់រហូតដល់ ៩៩ដុល្លារឯណោះក្នុងមួយឆ្នាំដើម្បីអាចធ្វើការដំឡើង ឬទាញយកបាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

ដើម្បីទទួលបានមុខងារនេះអ្នកប្រើប្រាស់អាចធ្វើការចុះឈ្មោះនៅក្នុងកម្មវិធី Apple Developer ប៉ុន្តែត្រូវតែមានគណនី Apple ID ជាមុនសិនទើបអាចធ្វើការចុះឈ្មោះបាន។ មានន័យថាសម្រាប់អ្នកដែលបានចុះឈ្មោះនៅក្នុងកំណែឥតគិតថ្លៃ Apple Developer Beta នឹងអាចទាញយក ឬដំឡើងសម្រាប់ iOS 17, iPadOS 17 ក៏ដូចជា macOS Sonoma និង watchOS 10 បានដោយមិនចាំបាច់រង់ចាំ public betas នោះឡើយ។ ពោលគឺរាល់ beta version ថ្មីដែលក្រុមហ៊ុនទម្លាក់មកនោះ អ្នកប្រើប្រាស់ក៏មានសិទ្ធចូលទៅប្រើប្រាស់បានផងដែរ។

គួរជម្រាបដែរថា កំណែឥតគិតថ្លៃ Developer Beta ថ្មីនេះ ក៏រួមបញ្ចូលកំណែ Xcode Developer Tools ផងដែរ ដែលជាប្រភេទ Testing on-device និង beta release ត្រូវបានបញ្ចេញមកដើម្បីជួសជុលកំហុសរាល់ពេលដំឡើងមានបញ្ហា៕