(ក្រុងឡុងដ៍)៖ អ្នកគាំទ្រនៅភាគខាងកើតទីក្រុង London បានចេញមកទទួលស្វាគមន៍ និងដង្ហែពាន UEFA Europa Conference League 2022-2023 យ៉ាងគគ្រឹកគគ្រេង ក្រោយពេលក្លិបញញួរធំ West Ham United របស់ពួកគេបាននាំយកពាននេះមកដល់អង់គ្លេសនាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ នេះថា ពិធីដង្ហែពាននេះដែរ គឺមានអ្នកចូលរួមយ៉ាងច្រើនកុះករ ធៀបដូចទៅនឹងអង់គ្លេសឈ្នះជើងឯក World Cup 1966 ក្នុងទឹកដីរបស់ខ្លួនអីចឹង។

យ៉ាងណាក៏ដោយ តាមរយៈជ័យជម្នះនេះដែរ ក្រុមលេងនៅលីគ Premier League ខាងលើនេះ បានបញ្ចប់ការទន្ទឹងរង់ចាំអស់ ៥៨ឆ្នាំ ក្នុងការឈ្នះពានធំកម្រិតអឺរ៉ុប នៅពេលពួកគេបានយកឈ្នះគូប្រជែង Fiorentina មកពីលីគ Serie A នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផលផ្លូវការ ២ទល់នឹង១ និងជាការស៊ុតគ្រាប់ជ័យជម្នះចុងម៉ោងរបស់កីឡាករ Jarrod Bowen ទៀតផង៕