(បរទេស)៖ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសសេណេហ្គាល់ (FSF) បាននិយាយថា សហព័ន្ធបានសម្រេចផ្អាកគ្រប់សកម្មភាពបាល់ទាត់ទាំងអស់ដោយមិនកំណត់រយៈពេលឡើយ ក្រោយពេលផ្ទុះហឹង្សាដែលបណ្តាលឲ្យមានមនុស្ស ១៦នាក់បានស្លាប់នាពេលថ្មីៗនេះ។

តាមរយៈគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ នេះថា ករណីហឹង្សាដែលបណ្តាលឲ្យមានមនុស្សចាប់ពី ១៦នាក់បានស្លាប់នេះដែរ ក៏ព្រោះតែពួកគេបានធ្វើបាតុកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលនៃប្រទេសស្ថិតនៅភាគខាងលិចទ្វីបអាហ្រ្វិកខាងលើ បានកាត់ទោសលោក Ousmane Sonko មន្រ្តីមកពីគណបក្សប្រឆាំងជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកាលពីសប្តាហ៍មុន។

ក្នុងរបាយការណ៍ប៉ូលិសបានឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតមានការកើនឡើងដល់ ១៦នាក់តាំងពីថ្ងៃព្រហស្បតិ៍ម្សិល មិញ ដោយក្នុងនោះដែរ មានសមាជិកការពារសន្តិសុខ ២រូបទៀតផង។

បើយោងទៅតាមរបាយការណ៍របស់ FSF ក៏បានបញ្ជាក់ដែរថា «គ្រប់សកម្មភាពបាល់ទាត់ទាំងអស់ត្រូវបានផ្អាកដោយមិនកំណត់រយៈពេលរហូតដល់មានដំណោះស្រាយឡើងវិញ ដោយអនុលោមទៅតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលផងដែរ»

តែយ៉ាងណាក៏ដោយ ក្នុងរបាយការណ៍ខាងលើនេះ គឺព្យួរគ្រប់សកម្មភាពបាល់ទាត់នេះ គឺមិនប៉ះពាល់ដល់ក្រុមជម្រើសជាតិសេណេហ្គាល់នោះទេ ដែលពួកគេត្រៀមលេងការពារជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations នាឆ្នាំក្រោយ នៅប្រទេសកូដឌីវ័រ៕