(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខមួយក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១ បានពង្រីក និងដាក់សម្ពោធជាផ្លូវការនូវបណ្តាញសាខាឆ្លាតវៃរបស់ខ្លួននៅទីស្នាក់ការកណ្តាល និងសាខាចេនឡា។ ធនាគារ កាណាឌីយ៉ា សាខាចេនឡា មានទីតាំងនៅលើមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ចំណែកឯធនាគារឆ្លាតវៃ ស្នាក់ការកណ្តាលរបស់ធនាគារ កាណាឌីយ៉ា មានទីតាំងទៅជាន់ផ្ទាល់ដីនៃវិមាន កាណាឌីយ៉ា ស្ថិតលើផ្លូវព្រះអង្គឌួង សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។

ជាមួយនឹងវត្តមានជាង ៣២ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា បានបន្តបង្ហាញនូវស្ថិរភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ធនាគារ កាណាឌីយ៉ា គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ឈានមុខមួយ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងវិវឌ្ឍភាពសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តវិនិយោគ និងពង្រឹងសមត្ថភាពរបស់ខ្លួននៅក្នុងដំណោះស្រាយឌីជីថល ដោយក្នុងនោះរួមមានការពង្រីកបណ្តាញសាខាឆ្លាតវៃរបស់ខ្លួនទូទាំងប្រទេសផងដែរ។

ក្រោមគម្រោងបរិវត្តកម្មឌីជីថល ធនាគារ កាណាឌីយ៉ា បានពង្រីកវត្តមាននៃសាខាឆ្លាតវៃ ដែលបានភ្ជាប់នូវម៉ាស៊ីនស្វ័យសេវាធនាគារ ជាមួយនឹងបច្ចេកវិទ្យាឈានមុខ។ សាខាឆ្លាតវៃរបស់ធនាគារ កាណាឌីយ៉ា ដំបូងរួមមានសាខាសែនសុខ ដែលសម្ពោធនៅខែតុលា ឆ្នាំ២០២២ ដោយ សាខាអាយអេហ្វអិល បានបើកនៅខែមីនា និងសាខាស្ទឹងមានជ័យ បើកនៅខែមេសា ឆ្នាំ២០២៣។

ធនាគារ កាណាឌីយ៉ា សាខាចេនឡា និងធនាគារឆ្លាតវៃ ស្នាក់ការកណ្តាលរបស់ធនាគារ កាណាឌីយ៉ា នឹងផ្តល់នូវសេវាកម្មធនាគារពេញលេញ ក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជាច្រើនសម្រាប់អតិថិជនរូបវន្តបុគ្គល សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងសេវាកម្មផ្សេងៗទៀត។ ដើម្បីផ្តល់នូវសេវាកម្មកាន់តែងាយស្រួល និងល្អប្រសើរសម្រាប់អតិថិជន សាខាដែលទើបតែដាក់សម្ពោធថ្មីទាំងពីរបានបំពាក់នូវបរិក្ខារស្វ័យសេវាធនាគារ ប្រកបដោយបច្ចេកវិទ្យាឈានមុខ ដូចជាម៉ាស៊ីនបើកគណនី (VTM) សម្រាប់បង្កើតគណនីដោយខ្លួនឯង ម៉ាស៊ីនដាក់ប្រាក់ ដកប្រាក់ និងដាក់មូលប្បទានបត្រ (CRM) និងម៉ាស៊ីនបោះពុម្ភកាត (SEM) ដែលលោកអ្នកអាចធ្វើការទទួលកាតពីធនាគារ កាណាឌីយ៉ា ដោយខ្លួនឯង ងាយស្រួល និងក្នុងរយៈពេលខ្លី។

លោកអ្នកអាចប្រើប្រាស់ម៉ាស៊ីន VTM, CRM, និង SEM គ្រប់ម៉ោងប្រតិបត្តិការរបស់សាខា ខណៈម៉ាស៊ីន ATM អាចប្រើប្រាស់បានគ្រប់ពេលវេលា។ បន្ថែមពីលើនេះ អតិថិជនក៏អាចស្វែងរកផលិតផល និងសេវាកម្មធនាគារផ្សេងៗដូចជា ស្នើសុំកម្ចីឥណទានបុគ្គល ឬសម្រាប់អាជីវកម្ម ស្នើសុំសេវាកម្ម ឬដំណោះស្រាយឌីជីថលហិរញ្ញវត្ថុជាមួយនឹងម៉ាស៊ីន POS និង KHQR ផ្សេងៗទៀតផងដែរ។

សាខាទាំងពីរនឹងបើកបម្រើសេវាកម្មសម្រាប់អតិថិជនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង៤៖០០នាទីរសៀល ដោយម៉ោងប្រតិបត្តិការសម្រាប់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង ១១៖៣០នាទី។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលនៃធនាគារ កាណាឌីយ៉ា មានសេចក្តីរីករាយជាខ្លាំងក្នុងការពង្រីកបណ្តាញវត្តមាននៃសាខាឆ្លាតវៃ។

លោកមានប្រសាសន៍ថា «ការដាក់សម្ពោធនៃសាខាចេនឡា និងធនាគារឆ្លាតវៃ ស្នាក់ការកណ្តាលរបស់ធនាគារ កាណាឌីយ៉ា គឺជាយុទ្ធសាស្ត្រស្របទៅនឹងការប្តេជ្ញារបស់ធនាគារ ដើម្បីពង្រីកបណ្តាញវត្តមានសាខារបស់យើងខ្ញុំទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ។ មូលដ្ឋានគ្រិះនៃភាពជោគជ័យរបស់ធនាគារ កាណាឌីយ៉ា គឺកើតមានឡើងដោយសារការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អតិថិជនរបស់យើងខ្ញុំ។ ដូចគ្នានេះដែរ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា គតិបណ្ឌិត ពុង ឃៀវសែ ធនាគារ កាណាឌីយ៉ាបានបន្តជាស្ថាប័នហិរញ្ញវត្ថុមួយដែរឈានមុខនៅក្នុងប្រទេសកម្ពុជា និងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា»

លោកបានបន្ថែមថា «យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនរបស់យើង ដែលតែងតែបន្តនូវការផ្តល់ជំនឿទុកចិត្តមកលើធនាគារ ជាដៃគូហិរញ្ញវត្ថុឆ្នើម ហើយពួកយើងក៏បន្តខិតខំប្រឹងប្រែងប្តេជ្ញានាំយកមកនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យលទ្ធភាពទទួលបានសេវាកម្មធនាគារកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស»

ជាមួយគ្នានោះដែរ លោក Howard Lau, Chief Information Officer នៃធនាគារ កាណាឌីយ៉ា ដែលបានដឹកនាំនូវកម្មវិធីសម្ពោធធនាគារ កាណាឌីយ៉ា សាខាចេនឡា បានលើកឡើងអំពីការខិតខំប្រឹងប្រែងយ៉ាងស្រស្រាក់ស្រស្រាំនៃការបរិវត្តឌីជីថលនៃធនាគារ។

លោកមានប្រសាសន៍ថា «ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាឆ្លាតវៃទាំងពីរនេះ គឺមានគោលបំណងដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនរបស់យើងដែរនៅក្បែរតំបន់សាខាចេនឡា និងសាខាស្នាក់ការកណ្តាល ដើម្បីឱ្យពួកគាត់តែមានបទពិសោធន៍ល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាធនាគារថ្មីៗ។ យើងខ្ញុំនឹងបន្តពង្រីកនូវវត្តមានសាខាឆ្លាតវៃ និងម៉ាស៊ីនស្វ័យសេវាធនាគារ ក៏ដូចជាដាក់បង្ហាញនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីឱ្យស្របជាមួយនឹងតម្រូវការរបស់អតិថិជនរបស់យើង»