(កូរ៉េ)៖ ជាមួយនឹងបច្ចេកវិទ្យាជឿនលឿន នៅពេលនេះប្រទេសកូរ៉េខាងត្បូង គ្រោងនឹងដាក់មនុស្សយន្ត ឬហៅថា Robot ​ឲ្យដឹកនាំវង់តន្ត្រីជាលើកដំបូង ខណៈគម្រោងនេះ​ គឺនឹងត្រូវធ្វើឡើងសម្រាប់ការប្រគំតន្ត្រីមួយ នៅចុងខែនេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Korea Times។ 

បើតាមស្ថាប័នវង់ភ្លេងជាតិកូរ៉េខាងត្បូង (National Orchestra of Korea) បានឲ្យដឹងថា មនុស្សយន្តទាំងនោះ ត្រូវសម្តែង Show ដែលមានឈ្មោះថា «Absence» ប្រារព្ធឡើងនៅទីតាំងមហោស្រព Haeoreum Grand ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខនេះ។ ជាពិសេសមនុស្សយន្តទាំងនោះ នឹងដើរតួជាអ្នកដឹកនាំវង់ភ្លេងថែមទៀត។ ត្បិតថាតួនាទីមនុស្សយន្តនេះ​ ធ្លាប់បានធ្វើឡើងជាច្រើនដងរួចហើយ នៅបណ្តាប្រទេសសនានាលើពិភពលោក ប៉ុន្តែនេះជាលើកទី១ហើយ​ក្នុង​ប្រទេស​កូរ៉េ។

គួរជម្រាបថា ក្នុង​ចំណោម​មនុស្ស​យន្ត​ ដែល​បាន​ឡើង​ឆាក​ជា​អ្នកដឹកនាំ​ គឺមានឈ្មោះថា Asimo ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Honda នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០០៨។ ឈ្មោះ Yumi ដែលជាមនុស្សយន្តនៅប្រទេសស្វីស ក្នុងឆ្នាំ ២០១៧; Alter 2 ដែលជាមនុស្សយន្តឆ្លាតវៃសិប្បនិម្មិតជំនាន់ទី២ ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន ក្នុងឆ្នាំ២០១៨ និង Alter 3 ដែលជាជំនាន់ទី៣ នៃស៊េរីមនុស្សយន្ត Alter ដែលបានចេញផ្សាយនៅឆ្នាំ២០២០៕