(ភ្នំពេញ)៖ អេសស៊ីជី (SCG) បានរៀបចំវគ្គផ្ដាច់ព្រ័ត្រការប្រកួតវិញ្ញាសាបេតុងថ្នាក់ជាតិ នៅថ្ងៃទី ០៨ ខែមិថុនា នៅឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) ដែលក្នុងនោះសិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន៦ បានមកចូលរួមប្រកួត។

ការប្រកួតវគ្គផ្ដាច់ព្រាត់នេះ ធ្វើឡើងក្រោយពេលដែលសិស្សនិស្សិតរាប់រយនាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលលើវិញ្ញាសាផ្នែកបេតុង ហើយឆ្លងកាត់ការធ្វើតេស្តដោយផ្ទាល់មាត់ និងតេស្តសរសេរ ការចុះទស្សនកិច្ចសិក្សានៅតាមបណ្ដារោងចក្របេតុង អេសស៊ីជី ខនគ្រីត និងឆ្លងកាត់វគ្គអនុវត្តផ្ទាល់ផងដែរ ។

លោក ធីរ៉ាក់ឆេត វិផាសា ជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនបេតុង អេសស៊ីជី (SCG) មានប្រសាសន៍ថា «អេសស៊ីជី តែងតែព្យាយាមស្វែងរកវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានៅក្នុងវិស័យសំណង់ ដែលក្នុងនោះរាប់បញ្ចូលទាំងជំនាញផ្នែកបេតុង ។ យើងសង្ឃឹមថា យុវជនឆ្នើមទាំងអស់នេះ នឹងក្លាយជាធនធានមនុស្សយ៉ាងសំខាន់នៅក្នុងវិស័យសំណង់នៅកម្ពុជានាពេលអនាគត តាមរយៈស្នាដៃប្រកបដោយគុណភាព និងជំនាញរបស់ខ្លួន គួបផ្សំជាមួយនឹងសម្ភារៈសំណង់ដែលមានគុណភាព ដូចជា សម្ភារៈសំណង់មកពី អេសស៊ីជី ជាដើម»

យោងតាមក្រុមហ៊ុនអេសស៊ីជី បានឲ្យដឹងថា សាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំង ៦ ដែលចូលរួមប្រកួតនោះ រួមមាន សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ (CTSDI) សាកលវិទ្យាល័យន័រតុន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ។
ក្នុងនោះ ក្នុងមួយសាកលវិទ្យាល័យ ឬមួយវិទ្យាស្ថាន មានសិស្សនិស្សិត ឆ្នាំទី ៣ និងទី ៤ ចំនួន ៦០ នាក់ ត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្ដុះបណ្ដាល លើកលែងតែនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលមាននិស្សិតចំនួន ២០០ នាក់ត្រូវបានជ្រើសរើស ហើយសិស្សិនិស្សិតទាំងអស់ត្រូវបានជម្រុះតាមរយៈការធ្វើតេស្តសរសេរ។

បន្ទាប់មកសម្រាប់វិទ្យាស្ថាន ឬសាកលវិទ្យាល័យនីមួយៗ សិស្សនិស្សិតមួយក្រុម ៥ នាក់ ត្រូវបានជ្រើសរើសសម្រាប់ចូលរួមវគ្គបន្ទាប់ គឺការចុះទស្សនកិច្ចសិក្សា ដែលក្នុងនោះ អេសស៊ីជី នាំពួកគាត់ទៅចុះទស្សនកិច្ចនៅតាមរោងចក្របេតុង អេសស៊ីជី ខនគ្រីត ដើម្បីឲ្យពួកគាត់បានឃើញ និងស្វែងយល់ពីចង្វាក់ផលិតកម្មបេតុងជាក់ស្ដែង។

នៅក្នុងវគ្គអនុវត្ត សិស្សនិស្សិតមកពីក្រុមនីមួយៗ ត្រូវបានអនុញ្ញាតឲ្យអនុវត្តផ្នែកបេតុងចំនួនពីរលើកនៅ ឯមជ្ឈមណ្ឌលបណ្តុះបណ្ដាលអ្នកជំនាញអេសស៊ីជី (SCG Techpert Center) សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ ក្រុមសិស្សនិស្សិត បានឆ្លងកាត់ការធ្វើតេស្តផ្ទាល់មាត់ ការធ្វើតេស្តសរសេរ និងការធ្វើតេស្តផ្នែកបេតុង ។

សិស្សនិស្សិតចំនួនបីក្រុមត្រូវបានជ្រើសរើសជាអ្នកឈ្នះ ដែលមកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេក ទេស(NTTI) សាកលវិទ្យាល័យន័រតុន និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយពួកគេបានទទួលវិញ្ញាបនបត្រទទួលស្គាល់ពី អេសស៊ីជី ផងដែរ ។
ទន្ទឹមនឹងនេះ ក្រុមជ័យលាភីចំណាត់ថ្នាក់ទីមួយបានទទួលរង្វាន់ជាទឹកប្រាក់ ៤ លានរៀល ជ័យលាភីចំណាត់ថ្នាក់ទីពីរ បានទទួល ៣ លានរៀល និងចំណាត់ថ្នាក់ទី ៣ បានទទួល ២ លានរៀល ។

និស្សិត ហុង សេងហួត តំណាងឲ្យក្រុមជ័យលាភីលេខ១មកពី វិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស(NTTI) បាននិយាយថា៖ «ពួកខ្ញុំមានសេចក្ដីរំភើបរីករាយមែនទែន ដែលបានចូលរួមក្នុងការប្រកួតនេះ ។ និយាយរួម ពួកខ្ញុំបានរៀនសូត្រយល់ដឹងបានច្រើនក្នុងអំឡុងពេលចូលរួមការប្រកួត ហើយយើងសង្ឃឹមថា នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ដូចជានៅក្នុងអាជីពការងាររបស់យើងនាពេលអនាគតផងដែរ»។
គួររំលឹកផងដែរថា អេសស៊ីជី គឺជាក្រុមហ៊ុន ដែលមានវត្តមាននៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ មកម្លះ ដោយ ផលិត និងផ្គត់ផ្គង់សម្ភារៈសំណង់ ដែលមានគុណភាពសម្រាប់គម្រោងលំនៅដ្ឋាន និងគម្រោងសំណង់នានារាប់មិនអស់ ក្នុងនោះអេសស៊ីជី បានកសាងកិតិ្តនាមរបស់ខ្លួនតាមរយៈការចូលរួមនៅក្នុងគម្រោងសាងសង់ធំៗជាច្រើននៅក្នុងប្រទេស មានដូចជា ស្ពានអ្នកលឿង ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជាពីភ្នំពេញទៅក្រុងព្រះសីហនុ និងអគារខ្ពស់ដំបូងគេ គឺអគារវឌ្ឍនៈថៅវើ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន អេសស៊ីជី (SCG) បានរៀបចំកម្មវិធីខាងលើ គឺក្នុងគោលបំណងដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យសំណង់ ជាពិសេសនោះជំនាញផ្នែកបេតុង ដែលត្រូវបានធ្វើឡើងតាមស្តង់ដារ របស់ក្រុមហ៊ុន ធានានៅគុណភាពខ្ពស់ ជាប់ធនបានយូររាល់ការសាងសង់សំណង់គ្រប់ប្រភេទ ។ ហើយសិស្សនិស្សិតដែលបានចូលរួមទាំងនោះ ក្រោយពីការបញ្ចប់ការសិក្សាជំនាញនិងចំណេះដឹងអនុវត្តជាក់ ស្តែង ពួកគេនឹងក្លាយជាធនធានមួយយ៉ាងសំខាន់ក្នុងវិស័យសំណង់នៅប្រទេសកម្ពុជានាពេលអនាគត៕