(ភ្នំពេញ)៖ អបអរសាទរ អត្តពលិកនៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះមានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេសចូលរួមមានក្រុមឥណ្ឌូនេស៊ី, វៀតណាម, ម៉ាឡេស៊ី, សឹង្ហបុរី, ឡាវ, ហ្វីលីពីន, មីយ៉ាន់ម៉ា, ព្រុយណេ, ទី័ម័រខាងកើត និងថៃ។

ប្រទេសឥណ្ឌូនេស៊ី បាននាំមុខគេដោយរកបានមេដាយសរុប ៤០១គ្រឿងដោយមានមេដាយមាស ១៥៩, ប្រាក់ ១៤៨ និងសំរឹទ្ធ ៩៤គ្រឿង តាមពីក្រោយដោយក្រុមថៃ ឈរលេខរៀងទី២ រកបានមេដាយសរុប ៣២៨គ្រឿងមានមេដាយមាស ១២៦, ប្រាក់ ១១០ និងសំរឹទ្ធ ៩២គ្រឿង។

តាមរយៈលទ្ធផលនេះការរកបានមេដាយសរុប ៧០គ្រឿង យ៉ាងអស្ចារ្យក្នុងប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលបានធ្វើការប្រកួតប្រជែងក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាលើកដំបូងក្នុងការដាក់ ១៣ប្រភេទកីឡាធ្វើការប្រកួតប្រជែង។

ខណៈបើធៀបទៅការប្រកួតនៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ធ្វើនៅប្រទេសឥណ្ឌូនេស៊ី ពេលនោះក្រុមអត្តពលិកកម្ពុជា រកបានមេដាយសរុបចំនួនតែ ២៨គ្រឿងប៉ុណ្ណោះ មានមេដាយមាស ៧, ប្រាក់ ១០ និងសំរឹទ្ធ ១១គ្រឿង បើធៀបទៅនឹងការចូលរួមនាពេលកន្លេងមក៕